ភ្នំពេញ៖ យ៉ាងណាមិញ ការប្រកួតដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នេះ ក៏មិនបានឃើញបេក្ខភាពតំណាងកម្ពុជា លោក ហោ សុវណ្ណគិរីដា ចូលរួមដែរ។អាចចាត់ទុកថា ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងចម្លែកមួយ ខណៈដែលបេក្ខជនតំណាងឲ្យប្រទេសកម្ពុជា «Mister Global Cambodia 2022» លោក ហោ សុវណ្ណគិរីដា បានបាត់ដំណឹងសូន្យឈឹង ចាប់តាំងពីថ្ងៃដែលលោកធ្វើដំណើរ ទៅចូលរួមប្រកួតនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ រហូតមកដល់នឹងពេលនេះ នៅតែគ្មានដំណឹង។
ការបាត់ខ្លួនដ៏អាថ៌កំបាំងនៃបេក្ខជនតំណាងកម្ពុជានេះត្រូវបានប្រកាសជាសាធារណៈតាមរយៈបណ្ដាញសង្គមផ្លូវការមួយឈ្មោះថា «Team Cambodia» ដោយបានបញ្ជាក់ថា «ដំណឹងបាត់លោក Sovan Kiridaដែលជាបេក្ខភាពMisterGlobalCambodia2022ដែលគិតចាប់ពីថ្ងៃហោះហើរទៅកាន់ប្រទេសថៃនៅថ្ងៃទី០៧មីនារហូតមកដល់ថ្ងៃទី១០នេះគឺមិនទាន់ឃើញបេក្ខភាពកម្ពុជានៅក្នុងការប្រកួតនៅឡើយទេ»។
ប្រភពដដែលបានបន្តថា «ព័ត៌មានមកទល់ម៉ោងនេះ មិនទាន់មាននរណាម្នាក់អះអាងថា លោក Sovan Kiridaកំពុងនៅកន្លែងណានោះទេ(នៅក្នុងប្រទេសថៃ)។បើយោងតាមអ្នកស្គាល់ជិតស្និទ្ធក៏មិនមានការឆ្លើយតបពីលោកវិញដែរ។ ដោយមិនទាន់ច្បាស់លាស់ថាការ online account facebook របស់គាត់ គឺម្ចាស់សាមីខ្លួនអ្នកកាន់ ឬក៏យ៉ាងណា?»។ជុំវិញការបាត់ដំណឹងដ៏ចម្លែកនេះ ត្រូវបានមហាជន អ្នកគាំទ្រ ជាពិសេសក្រុមគ្រួសារសាច់ញាតិ សម្ដែងក្ដីបារម្ភយ៉ាងខ្លាំង ដោយម្នាក់ៗបានខិតខំស្វះស្វែង ដើម្បីរកមធ្យោបាយទាក់ទងទៅរូបលោក ហោ សុវណ្ណគិរីដា នៅក្នុងប្រទេសថៃ ខណៈដែលទូរស័ព្ទ និងគណនីហ្វេសប៊ុក ដែលធ្លាប់តែបើកជាប្រចាំនោះ ក៏ត្រូវបានបិទទាំងអស់។
សូមបញ្ជាក់ថា មហាជនតែងសង្កេតឃើញថា គ្រប់បេក្ខភាពទាំងអស់ ដែលតំណាងឲ្យប្រទេសកម្ពុជា ពេលចេញទៅប្រកួតប្រជែងនៅតាមបណ្ដាប្រទេសនានាតែងតែធ្វើការLiveឬផ្ដល់ដំណឹងតាមរយៈបណ្ដាញសង្គមជាប្រចាំគ្រប់សកម្មភាពដើម្បីឲ្យអ្នកគាំទ្របានដឹងនិងធ្វើការបោះឆ្នោតជូនជាដើម។ ប៉ុន្តែចម្លែកអ្វីសម្រាប់បេក្ខជន ហោ សុវណ្ណគិរីដា បែរជាបាត់ដំណឹងសូន្យឈឹង ធ្វើឲ្យក្រុមការងារ, អ្នកគាំទ្រក្នុងប្រទេស, មិត្តជិតស្និទ្ធ និងសាច់ញាតិ មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈគិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នេះក៏នៅតែមិនទាន់បានទទួលដំណឹងថាលោកនៅកន្លែងណាឲ្យប្រាកដនោះដែរ៕