ភ្នំពេញ៖មានការភ្ញាក់ផ្អេីលទាំងព្រឹកនាថ្ងៃទី៨ខែមីនាឆ្នាំ២០២២នេះខណៈដែលស្ថានទូតកូរ៉េដែលប្រចាំនៅប្រទេសកម្ពុជាបានរាយការណ៍មកអាជ្ញាធរមូលដ្ឋានថា មានបុរសជនជាតិកូរ៉េម្នាក់បានស្លាប់នៅចំណុចផ្ទះលេខ៣៨៥ ផ្លូវលេខ១១ ក្នុងបុរីពិភពថ្មី (ចំការដូង) ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សាកសពបុរសជនជាតិកូរ៉េខាងលើនេះមានឈ្មោះHyung kil អាយុ៧៧ឆ្នាំស្នាក់នៅចំណុចកើតហេតុខាងលើ និងកាន់លិខិតឆ្លងដែនលេខM36882407។
បេីតាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ដង្កោនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានទទួលព័ត៌មានពីស្ថានទូតកូរ៉េដែលប្រចាំនៅប្រទេសកម្ពុជាថា មានជនជាតិកូរ៉េម្នាក់បានស្លាប់នៅចំណុចក្នុងបុរីខាងលេី ។ ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានពីស្ថានទូតកូរ៉េរួចហើយនោះ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោនិងកម្លាំងនគរបាលការិយាល័យជំនាញកោសល្យវិច័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការពិនិត្យសាកសព ។
ក្រោយពេលសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យសាកសពរួចរាល់ទេីបបញ្ជាក់ឱ្យដឹងថាសាកសពបុរសជនជាតិកូរ៉េខាងលើបានស្លាប់រយៈពេល៥ថ្ងៃមកហើយដោយរូបគាត់មានជំងឺប្រចាំកាយនិងរស់នៅក្នុងផ្ទះតែម្នាក់ឯងទើបស្លាប់រយៈពេលជាច្រើនថ្ងៃគ្មានអ្នកណាដឹង។បច្ចុប្បន្ននេះសាកសពបុរសជនជាតិកូរ៉េខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យទៅខាងស្ថានទូតកូរ៉េចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕