កំពង់ស្ពឺ៖ កម្លាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលស្រុកថ្ពង បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ដែលក្រុមអ្នកញៀនល្បែងទាំងនោះបានទៅជួបជុំគ្នាលេងក្នុងព្រៃ ស្ថិតក្នុងភូមិសំរោង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
លោក សម សាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងនៅថ្ងៃទី៩ ខែមិនា ឆ្នាំ២០២២ ថា ក្នុងករណីនេះដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន ពីសកម្មភាពប្រមូលផ្តុំជួបជុំគ្នាលេងល្បែងស៊ីសងនៅចំណុចព្រៃក្នុងទីតាំងខាងលើ បន្ទាប់មកកម្លាំងជំនាញបានសហការជាមួយកម្លាំងមូលដ្ឋាន ធ្វើការឡោមព័ទ្ធក្រសោបបានអ្នកលេងចំនួន ១៥នាក់(ស្រី៧នាក់)។ ទន្ទឹមនឹងការឃាត់ខ្លួននោះ កម្លាំងជំនាញក៏បានរឹបអូសវត្ថុតាងបានមួយចំនួន ក្នុងនោះមានមេអាប៉ោងចំនួន ៤គ្រាប់ ចានបាញ់អាប៉ោង១ ប្រាក់រៀលមួយចំនួន ម៉ូតូ១៤គ្រឿង តុ២ កៅអីជ័រ២០ កម្រាលអាប៉ោង១ ធុងទឹកកក១ និងទូរស័ព្ទមួយចំនួន។
សូមបញ្ជាក់ថា ក្រោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងប្រុសស្រីទាំង១៥នាក់ខាងលើ សមត្ថកិច្ចក៏បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ អនុវត្តតាមនីតិវិធីច្បាប់។ ជុំវិញការឃាត់ខ្លួនក្រុមអ្នកញៀនល្បែងនេះដែរ ប្រជាពលរដ្ឋបានសាទរ និងចង់ឃើញការអនុវត្តច្បាប់តឹងរឹង ដើម្បីឱ្យរាងចាល ជៀសវាងការចាប់លែងៗ ធ្វើឱ្យអ្នកលេងកាន់តែដឹងចិត្តអ្នកអនុវត្តច្បាប់៕