ព្រះសីហនុ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ រកឃើញបទល្មើសចំនួន ០៣ករណី និងឃាត់ខ្លួន ជនសង្ស័យ ចំនួន ០៣នាក់ ។សកម្មភាពខាងលើនេះ ធ្វើឡើង នៅទីតាំងនៅមុខ បណ្ណាគារឯករាជ ផ្លូវឯករាជ្យ ក្រុង/ខេត្តព្រះសីហនុ ។យោងតាមរបាយការណ៍ របស់សមត្ថកិច្ច បង្ហាញ ថា នៅយប់ថ្ងៃទី០៧ ខែមីនានេះ កម្លាំងចម្រុះបានចុះត្រួតពិនិត្យ ឬឆែកឡាន បានចំនួន ១៦៤គ្រឿង និងឆែកម៉ូតូ បានចំនួន ០១គ្រឿង ។
របាយការណ៍ដដែល បញ្ជាក់ថា ចំពោះលទ្ធផល នៃការឆែកឆេរ សមត្ថកិច្ច បានរកឃើញ បទល្មើស ចំនួន ០៣ ករណីរួមមាន ៖១- ឆែកឡានរថយន្តពាក់ស្លាកលេខៈ ភ្នំពេញ 2BQ-7770 បើកបរ ដោយជនជាតិខ្មែរ រកឃើញ ម្យ៉ៅស ០១ កញ្ចប់ ដែលសង្ស័យជាសារធាតុញៀន- ថ្នាំកញ្ចប់ពណ៌ក្រហម សញ្ញា play it a gain មួយកញ្ចប់ សង្ស័យសារធាតុញៀន- ថ្នាំកញ្ចប់ពណ៌ទឹកសមុទ្រសញ្ញា Morr Milk មួយកញ្ចប់ សង្ស័យសារធាតុញៀន និងទូរស័ព្ទចំនួន ០២ គ្រឿង ។ ករណីនេះ ទាំងជនសង្ស័យ រួមជាមួយវត្ថុតាង បានប្រគល់ឲ្យអធិការដ្ឋាននគបាលក្រុងព្រះសីហនុ ។២- ឆែករថយន្តស្លាកលេខៈ ភ្នំពេញ 2BN-5888 បានរកឃើញដំបងរលោល់មួយ និងបានប្រគល់ឲ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ។៣- ឆែកឆេររថយន្តពាក់ស្លាកលេខៈ ភ្នំពេញ 2BR-6797 បានរកឃើញកាំបិទស្ងៀតមួយដេីម ហើយក៏បានប្រគល់ឲ្យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ដើម្បីបន្តតាមនីតិវិធីច្បាប់ ៕