ភ្នំពេញ៖មានការភ្ញាក់ផ្អើលខ្លាំងទាំងយប់ខណៈសមត្ថកិច្ចជាច្រើននាក់នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលមានទាំងស្លៀកឯកសណ្ឋាន និងស៊ីវិល បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ខណៈកំពុងចែកចាយជាក់ស្តែងតែជនសង្ស័យនោះបានយកកាំបិតចាក់មកលើសមត្ថកិច្ចរបួសធ្ងន់ដោយដៃមានកាន់កាំបិតជាប់និងយកដុំថ្មគប់មកលើសមត្ថកិច្ចហើយរត់ចូលទៅសម្ងំក្នុងបន្ទប់របស់ប្រជាពលរដ្ឋបង្កការភិតភ័យទើបសមត្ថកិច្ចផ្សេងទៀតបង្ខំចិត្តដកកាំភ្លើងបាញ់ឡើងលើមេឃ គំរាមជាង១០គ្រាប់ និងប្រើវិធានការក្តៅ បុកទម្លុះចូលឃាត់ខ្លួនបានតែម្តង ។
សូមបញ្ជាក់ថាហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋកាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២២នៅចំណុចម្តុំកុងស៊ីកាប់គោភូមិដើមគរសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។បើតាមការបញ្ជាក់ពីសមត្ថកិច្ចនៅទីតាំងកើតហេតុកើតហេតុផ្ទាល់ បានឲ្យដឹងជាបឋមថាដំបូងឡើយមានប្រជាពលរដ្ឋបានប្តឹងមកសមត្ថកិច្ចថាករណីចែកចាយគ្រឿងញៀននៅចំណុចខាងលើទើបសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលមានទាំងស្លៀកឯកសណ្ឋាននិងស៊ីវិលបានចុះមកដល់ទីតាំងកើតហេតុឃើញជនសង្ស័យខាងលើកំពុងចែកចាយគ្រឿងញៀនជាក់ស្តែង ទើបសមត្ថកិច្ចចូលទៅបង្ក្រាប ។
ប្រភពដដែលបន្តថា ពេលនោះ ជនសង្ស័យខាងលើ បានរឹងទទឹង មិនឲ្យសមត្ថកិច្ចឃាត់ខ្លួននោះទេ ដោយបានតដៃយកកាំបិតចុងស្រួចចាក់មកលើសមត្ថកិច្ចមួយរូបបណ្តាលឲ្យរបួសធ្ងន់ទើបសមត្ថកិច្ចផ្សេងទៀត បង្ខំចិត្តដកកាំភ្លើងបាញ់ឡើងលើមេឃ៣គ្រាប់ គំរាម តែជនសង្ស័យមិនខ្លាចនោះទេ បានកាន់កាំបិតនោះនិងរើសដុំថ្មគប់មកលើសមត្ថកិច្ចហើយរត់គេចខ្លួនទើបសមត្ថកិច្ចបាញ់គំរាមជាបន្តបន្ទាប់ឡើងលើមេឃរហូតជនសង្ស័យនេះរត់ចូលទៅក្នុងបន្ទប់របស់ប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋភិតភ័យជាខ្លាំងប្រញាប់រត់ចេញរួចជនសង្ស័យក៏បានចាក់គន្លឹះទ្វារជាប់។បន្ទាប់មកសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក៏សុំការសហការជាមួយកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារដើម្បីចុះមកដល់ទីតាំងកើតហេតុ និងប្រើវិធានការក្តៅ បុកទម្លុះចូលទៅចាប់ជនសង្ស័យរូបនេះ បានភ្លាមៗតែម្តង បញ្ជូនទៅកាន់ បញ្ជាការ អាវុធហត្ថ ខណ្ឌជ្រោយចង្វារ ដើម្បី ចាត់ការ តាម នីតិវិធី ច្បាប់ ៕