ភ្នំពេញ៖ ក្នុងករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ធខ្មែរអ៊ិស្លាម ដែលរស់នៅជាច្រើនគ្រួសារអស់ទាំងស្រុង កាលពីវេលាម៉ោង ១:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិ៣ ផ្លូវមាត់ទន្លេ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋរងគ្រោះ បានឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់គឺ ពួកគាត់បានជួលដីគេសាងសង់ផ្ទះស្នាក់នៅ ក្នុងនោះដោយ១គ្រួសារសង់បន្ទប់ស្នាក់នៅទំហំ ៤ម៉ែត្រx៥ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ដែលបានស្នាក់នៅទាំងអស់មានចំនួនជាង ១០គ្រួសារ។ មុនពេលកើតហេតុ ឃើញមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ចេញពីបន្ទប់ស្នាក់នៅមួយ នៅខាងចុងគេដែលម្ចាស់បន្ទប់បិទទ្វារនាំគ្នាទៅធ្វើការអស់ បង្កជាអណ្ដាតភ្លើងឆេះរាលដាលបន្តបន្ទាប់គ្នា រហូតគ្រប់គ្រងលែងជាប់ និងឆ្លងរាលដាលដល់ផ្ទះឈើមួយខ្នងធំ បណ្តាលឱ្យឆាបឆេះអស់ទាំងស្រុង។ ដោយសារស្ថានការណ៍គ្រប់គ្រងលែងបាន ពួកគេបានត្រឹមនាំគ្នាអង្គុយមើលផ្ទះរបស់ខ្លួនត្រូវអគ្គិភ័យឆាបឆេះប៉ុណ្ណោះ។
ភ្លាមៗនោះដែរប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញអន្តរាគមន៍បាញ់ទប់ស្កាត់ មិនឱ្យឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។ ចំពោះមូលហេតុនៃការឆាបឆេះ ប្រជាពលរដ្ឋបានសន្និដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕