ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា(ធាក់ផ្តួលយកម៉ូតូ) ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន ។ករណីខាងលើ បានកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣និង១៥នាទី ត្រង់ចំណុចក្បែរក្រុមហ៊ុន Kerry World Bridge Logistics ផ្លូវជាតិលេខ២ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ អោម សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្តឹង ខេត្តកណ្តាល ។
ជនសង្ស័យ០៤នាក់ ៖ ១-ឈ្មោះ គុជ រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅផ្ទះលេខ៩៨ ផ្លូវលេខ៥ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ ចាន់ ស៊ីយាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ ទូច អេនថូនី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៤-ឈ្មោះ គ្រីស ឈិតវិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក ៖ ម៉ូតូម៉ាកស្កូពី១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IR-7215 ។នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកគេ និងបក្ខពួក ពិតជាបានធ្វើសកម្មភាពជិះម៉ូតូកៀរធាក់ផ្តួលយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ។បច្ចុប្បន្ន ជនសង្ស័យសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕