សៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចាប់វាយខ្នោះសង្សារមួយគូ ក្នុងអំពើឃាតកម្មរឹតកសម្លាប់ប្អូនប្រុស ព្រោះតែពេលរួមរ័កគ្នាប្អូនប្រុសទៅទាន់។ករណីនេះបានកើតឡើងនៅវេលាម៉ោង ២១:៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបរិវេណផ្ទះជនរងគ្រោះស្ថិតនៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនដៃដល់ដែលជាគូសង្សា សមត្ថកិច្ចបានចាប់ខ្លួននៅម៉ោងជិត ១២ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីបានបើកការស្រាវជ្រាវល្អិតល្អន់។យោងតាមរបាយការណ៍នគរបាលបង្ហាញថា ជនដៃដល់ដែលឃាត់ខ្លួនឈ្មោះ ចិត្ត ភន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិរំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប និងឈ្មោះ ឡាយ សាលី ភេទស្រី អាយុ ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាសហចារីដែលបានប្រព្រឹត្តបទល្មើសករណីឃាតកម្ម។
ក្នុងករណីនេះនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំនគរបាលទទួលបានព័ត៌មានពីលោកមេភូមិបឹងវៀនថា មានក្មេងប្រុសជាអនីតិជនរស់នៅក្នុងភូមិកើតហេតុបានស្លាប់នៅក្នុងអង្រឹង ខណ:នោះកម្លាំងនគរបាលបានចុះទៅពិនិត្យវិភាគឃើញថា សពឈ្មោះ ឡាយ ប៉ុនលេង ភេទប្រុស អាយុ ១១ឆ្នាំ ៤ខែ ជាសិស្ស រស់នៅភូមិកើតហេតុ។ សាកសពមានស្នាមរឹតត្រង់ក ទំហំប៉ុនពីរធ្នាប់ដៃ ឆ្អឹងកងករបស់ជនរងគ្រោះត្រូវបានបាក់ រីឯដងខ្លួន និងដៃជើងសពពុំមានស្លាកស្នាមអ្វីនោះទេ។ សមត្ថកិច្ចរកឃើញវត្ថុតាង ខ្សែរក្រវ៉ាត់ ពណ៌ខ្មៅ១ និងខ្សែរចងអង្រឹងពណ៌ខ្មៅ ១កំណាត់ ប្រវែង ០,៩២ម៉ែត្រ និងអង្រឹងប៉ារ៉ាចំនួន ១។ ដោយមានការសង្ស័យ កម្លាំងជំនាញបាននាំខ្លួនឈ្មោះ ឡាយ សាលី ភេទស្រី អាយុ ១៧ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់សពមកធ្វើការសាកសួរ។
ឆ្លងកាត់ការស្តាប់ចម្លើយឈ្មោះ ឡាយ សាលី បានសារភាពថា នៅថ្ងៃកើតហេតុខ្លួន និងប្អូនប្រុស(សព)នៅផ្ទះតែ ២នាក់ ចំណែកឪពុកម្តាយទៅស្នាក់នៅ និងធ្វើចម្ការនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង។ នៅម៉ោង១៩:០០នាទី សង្សាខ្លួនឈ្មោះ ចិត្ត ភន បានផ្ញើសារតាមហេ្វសប៊ុកមកថា គេសុំមកលេងផ្ទះ នាងក៏យល់ព្រម។ លុះដល់វេលាម៉ោង២១:០០នាទី ឈ្មោះ ចិត្ត ភន ក៏បានទៅដល់ ហើយគេបានឱបថើប និងសុំនាងរួមភេទ នាងក៏យល់ព្រម ហើយនាំគ្នាទៅរួមភេទនៅចំណុចរោងដាក់ឈើ ក្រោយផ្ទះ។ ពេលកំពុងរួមភេទស្រាប់តែប្អូនប្រុសខ្លួនឈ្មោះ ឡាយ ប៉ុនលេង បានទៅទាន់ ហើយនិយាយថា គេនឹងយករឿងប្រាប់ទៅឪពុកម្តាយទាំងអស់។
ពេលនោះខ្លួន និងសង្សាក៏រួមគំនិតសម្លាប់ជនរងគ្រោះបំបិទមាត់តែម្តង ដោយឈ្មោះ ចិតុ្ត ភន បានវាយទៅលើជនរង គ្រោះ ចំត្រង់ក ផ្នែកខាងក្រោយមួយដៃ បណ្តាលឲ្យដួលសន្លប់ផ្កាប់មុខទៅលើដី ហើយខ្លួនស្ទុះចាប់ជើងជនរងគ្រោះទាំងសងខាង។ ឈ្មោះ ចិត្ត ភន បានចាប់ផ្ងាសព ហើយយកដៃទាំពីរមួលបំបាក់កសពតែម្តង។ ក្រោយធ្វើសកម្មភាពហើយឈ្មោះ ចិត្ត ភន ក៏បានឡើងជិះម៉ូតូគេចខ្លួនបាត់។ ក្រោយស្តាប់ចម្លើយសមត្ថកិច្ចក៏តាមចាប់ឈ្មោះ ចិត្ត ភន ភ្លាមៗតែម្តង។យោងតាមចម្លើយឈ្មោះ ចិត្ត ភន បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពខាងលើ ពិតប្រាកដមែន ខ្លួនជាអ្នកវាយមួលបំបាក់កជនរងគ្រោះ និងបានយកខ្សែរក្រវ៉ាត់ទៅរឹតកសពបន្ថែម និងបានលើកសពទៅដាក់ក្នុងអង្រឹងលើផ្ទះ បន្ទាប់មកយកខ្សែរក្រវ៉ាតទៅចងភ្ភាប់នឹងខ្សែរអង្រឹងបង្វែថា ជាករណីអត្តឃាត ដោយចងកសម្លាប់ខ្លួន រួចហើយក៏ឡើងជិះម៉ូតូទៅផ្ទះនៅភូមិរំរោងកញ្ជោច ឃុំឫស្សីលក ស្រុកជីក្រែង។ ក្រោយកប្រគល់សពឱ្យក្រុមគ្រួសារ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងបន្តនិតិវិធី៕