ភ្នំពេញ ៖ បុរសម្នាក់ បានអះអាងថាខ្លួនមានវិបត្តិផ្លូវចិត្តរឿងការងារ ខណៈកំពុងនិយាយទូរស័ព្ទនៅលើស្ពានអាកាសស្ទឹងមានជ័យ សុខៗ ក៏បម្រុងនឹងលោតទម្លាក់ខ្លួនពីលើស្ពានអាកាសនោះទៅហើយ ដើម្បីបញ្ចប់ជីវិត តែមិនបានសម្រេច ត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយទាន់ពេលវេលា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៣ខែ កុម្ភៈ ឆ្នាំ២០២២ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ប្រភពពីប្រជាពលរដ្ឋ ដែលបានធ្វើដំណើនៅលើស្ពានអាកាសស្ទឹងមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញបុរសខាងលើ ឈរនិយាយទូរស័ព្ទនៅស្ពានសុខៗ ស្រាប់តែរកលោតពីលើស្ពាន គាត់ឃើញបែបនេះ ក៏នាំគ្នាជួយចាប់ទាន់ពេលវេលាតែម្តង ។ ជនរងគ្រោះមានឈ្មោះ ផល ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅខណ្ឌជ្រោយចង្វា។
មុនពេលកើតហេតុគេឃើញបុរសខាងលើដើរឡើងលើស្ពានអាកាសស្ទឹងមានជ័យក្នុងទិសដៅពីត្បូងទៅជើងនិងនិយាយទូរស័ព្ទបណ្ដើរផង ខណៈដើរមកដល់ពាក់កណ្ដាលស្ពានក៏បានបោះទូរស័ព្ទនិងកូនសោម៉ូតូចោលមកខាងក្រោម រួចឡើងលើបង្កាន់ស្ពានបម្រុងលោតសម្លាប់ខ្លួនធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចរាចរណ៍ប្រចាំគោលដៅស្ពានអាកាសស្ទឹងមានជ័យ ឡើងទៅមើលនិងលួងលោមកុំឱ្យគេគិតខ្លីតទៅទៀត ក៏ប៉ុន្តែជនរងគ្រោះនៅមិនព្រមចុះពីបង្កាន់ដៃស្ពានឡើយ។
ក្នុងនោះបើតាមការសាកសួរ ទៅលើបុរសខាងលើ បានរៀបរាប់ឲ្យដឹងថា គាត់មានវិបត្តិផ្លូវចិត្តរឿងការងារ ហើយប៉ុន្មានថ្ងៃនេះ ចេះតែមានគេជិះតាមគាត់ជាច្រើននាក់ តែគាត់មិនដឹងមានរឿងអីនោះទេ ចេះតែមានមនុស្សប្លែកមុខ តាមគាត់រហូត ទើបគាត់ពិបាកចិត្ត ក៏មកលោតសម្លាប់ខ្លួនតែម្តង តែមានគេជួយទាន់ ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ធ្វើការសួរនាំ និងអប់រំណែនាំទៅកាន់បុរសខាងលើ កុំឲ្យគិតខ្លី និងហៅមិត្តភក្តិឲ្យមកទទួលត្រឡប់ទៅផ្ទះវិញ ៕