ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណ:ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូទរថយន្តពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹកព្រលឹម។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១០៩និង១១០ ស្ថិតនៅត្រង់ចំណុចភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ព្រំ សុខ អាយុ២៩ឆ្នាំ មុខរបរបើកបរ រថយន្ត មានទីលំនៅភូមិទួលត្របែក ឃុំ ប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយឃើញសភាពការណ៍មិនស្រួលបានបើកគេចខ្លួនភ្លាមៗបាត់ស្រមោល។
បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ស្វាយរៀង ១R-៤៧១៧ ក្នុងទិសដៅពីកើតទៅលិចលើផ្លូវជាតិលេខ១ ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្រាប់តែទៅបុកគូទរថយន្តពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹកព្រលឹម។សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈសមត្តកិច្ចកំពុងស្រាវជ្រាវរករថយន្តដែលស្ថិតក្នុងហេតុការណ៍នេះដើម្បីដោះស្រាយតាមច្បាប់៕