ភ្នំពេញ ៖ រថយន្ដស៊េរីទំនើបម៉ាក Roll Roy ថ្មីស្រឡាងមួយគ្រឿង ម្ចាស់ទើបនឹងទិញថ្មីៗ មិនទាន់បានធ្វើស្លាកលេខផង ក៏ត្រូវរថយន្តម៉ាកសាំយ៉ុង បុ.កត្រូវចំហៀងខាងស្ដាំផ្នែកខាងក្រោយ បណ្តាលឲ្យដាច់កង់ក្រោយមួយចំហៀង រងការខូចខាត។ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអាធ្រាត្រថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅចំនុចម្តុំស្តុប ដេអិន ផ្លូវកម្ពុជាក្រោម កែងផ្លូវ២១៥ សង្កាត់មិត្តភាព ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពពីម្ចាស់រថយន្ត Roll Roy រងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវ២១៥ ក្នុងល្បឿនលឿនល្មម ឆ្លងផ្លូវកម្ពុជាក្រោម ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-0208 ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ឆ្លងកាត់ទទឹងផ្លូវគ្នា ក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត មកបុ.កចំរថយន្ដRoll Roy របស់គាត់ ពីចំហៀងខាងស្តាំ ផ្នែកខាងក្រោយ បណ្តាលឲ្យអោយរថយន្តរបស់គាត់ដាច់កាឡេកង់រងការខូចខាត ទៅមុខលែងរួច ។ ចំណែករថយន្តបង្ក បន្ទាប់ពីបង្កហេតុរួច មិនបានឈប់ទទួលខុសត្រូវនោះទេ បែរជាបន្ថែមល្បឿន បើកគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកស្លាកលេខរថយន្តនៅនឹងកន្លែងកើតហេតុ ។ក្រោយកើតហេតុ ម្ចាស់រថយន្តរងគ្រោះបានទាក់ទងហៅរថយន្ដស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង និងបានប្តឹងសមត្ថកិច្ចអោយជួយស្រាវជ្រាវរករថយន្តបង្កតាមរយៈស្លាកលេខដែលបន្សល់ទុកនៅកន្លែងកើតហេតុ ដើម្បីឱ្យមកទទួលខុសត្រូវចំពោះកំហុសដែលខ្លួនបានបង្ក ៕