ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមករាឆ្នាំ២០២២ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទម្នាក់ឈ្មោះ សៅខូ ច័ន្ទសូឡារ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ ជាប់ចោទពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ ក្រោយពីសវនាការចប់សព្វគ្រប់មក ចៅក្រមសម្រេចកំណត់យកថ្ងៃទី២១ ខែមករាឆ្នាំ២០២២ វេលាម៉ោង៨ព្រឹកដើម្បីធ្វើការប្រកាសសាលក្រម។កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សៅខូ ច័ន្ទសូឡារ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចស្ថានីយប្រេងឥន្ធនៈ LHR និងចំណុចផ្ទះលេខ១២០បេ ភូមិចម្ការឱឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកបាន៖ កាំភ្លើងខ្លី១ដើម ម៉ាកTACTICAL23 លេខ WET5168 និងបង់ចំនួន២(កាំភ្លើងហ្គាស), គ្រាប់កាំភ្លើងប្រភេទ9mm ចំនួន១២គ្រាប់, ខ្នោះដៃចំនួន១គូ, វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡាចំនួន១គ្រឿង, ស្រោមកាំភ្លើងខ្លីចំនួន ៤ស្រោម, កាតនគរបាលជាតិក្លែងក្លាយចំនួន២សន្លឹក, ស័ក្តិថ្នាក់វរសេនីយ៍ទោ ១គូ, កាតនគរបាលព្រហ្មទណ្ឌក្លែងក្លាយ ចំនួន២សន្លឹក, មួកនគរបាលជាតិថ្នាក់វរសេនីយ៍ចំនួន២ និងថ្នាក់អនុសេនីយ៍១, ឯកសណ្ឋាននគរបាលជាតិចំនួន៦កំប្លេ, ឯកសារក្លែងក្លាយ មានលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងរបស់នាយកដ្ឋានព្រហ្មទណ្ឌមួយចំនួនធំ, ប្រអប់ដាក់កាំភ្លើងខ្លីម៉ាក CZ ចំនួន១, ម៉ាស៊ីនកាត់កាតចំនួន១គ្រឿង, អាវក្រោះការពារគ្រាប់ចំនួន១អាវ, អាវកាក់ពាក់ពីលើឯកសណ្ឋាននគរបាលជាតិចំនួន១, កាបូបដាក់សម្ភារចំនួន៣ និងស្បែកជើងកវែងចំនួន១គូ ៕