ភ្នំពេញ៖ តារាចម្រៀង នាង ប្រាក់គន្ធា បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំង២ បានចូលរួមជួយជាថវិកាចំនួន ១០លានរៀល សម្រាប់រៀបចំបុណ្យគម្រប់ខួប ៧ថ្ងៃបងប្រុសរបស់នាង គឺលោក នាង ប្រាក់សុគន្ធ ដែលបានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។ ពិធីបុណ្យ ៧ថ្ងៃរបស់តារាចម្រៀង នាង ប្រាក់សុគន្ធ ត្រូវបានរៀបចំធ្វើឡើង នៅឯស្រុកកំណើត គឺស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ខណៈថវិកាឧបត្ថម្ភរបស់សម្ដេចតេជោ គឺត្រូវបានប្រគល់ជូនដល់គ្រួសារសព តាមរយៈលោកអភិបាលរងខេត្ត បាត់ដំបង។
តារាចម្រៀង នាង ប្រាក់គន្ធា បានបញ្ចេញសារនៅក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួន ដោយភ្ជាប់ជាមួយនឹងរូបថត នៅថ្ងៃនេះឲ្យដឹងថា «នាងខ្ញុំ នាង គន្ធា សូមគោរពអរគុណយ៉ាងក្រៃលែង ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចូលរួមរំលែកទុក្ខ និងចូលរួមបុណ្យនូវទឹកប្រាក់ ១០លានរៀល ក្នុងកម្មវិធីបុណ្យ ០៧ថ្ងៃរបស់បងប្រុសខ្ញុំ នាង ប្រាក់សុគន្ធ។ ដោយបានដឹកនាំដោយលោកពូ អភិបាលរងខេត្តបាត់ដំបង និងលោកពូចៅហ្វាយស្រុកសំឡូត»។
នាង ប្រាក់គន្ធា បានបន្តទៀតថា «ក្នុងឆ្នាំថ្មី ២០២២នេះ នាងខ្ញុំនិងក្រុមគ្រួសារ សូមគោរពជូនពរដល់សម្តេចទាំងពីរ ឲ្យមានសុខភាពល្អកម្លាំងមាំមួន និងមានអាយុយឺនយូរ ក្នុងការដឹកនាំប្រទេសតទៅទៀត»។មរណភាពរបស់តារាចម្រៀង បែបយុវវ័យលោក នាង ប្រាក់សុគន្ធ បានក្លាយជាដំណឹងដ៏សែនក្ដុកក្ដួលសម្រាប់ក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិជាអ្នកសិល្បៈដូចគ្នា និងមហាជនដែលធ្លាប់ស្គាល់ និងបានចាត់ទុកថា ជាការបាត់បង់ធនធានអ្នកសិល្បៈ មានសមត្ថភាពម្នាក់ ដោយក្ដីអាឡោះអាល័យ។
សូមបញ្ជាក់ថា តារាចម្រៀង នាង ប្រាក់សុគន្ធ គឺត្រូវបានមហាជនស្គាល់រូបលោកច្រើន តាមរយៈការចូលរួមប្រឡងកម្មវិធី Cambodai Idol របស់ទូរទស្សន៍ហង្សមាស ជាមួយនឹងប្អូនស្រីបង្កើតរបស់លោកម្នាក់ទៀត គឺកញ្ញា នាង ប្រាក់គន្ធា។ ទោះបីជាអ្នកទាំងពីរមិនបានជាប់ជយលាភី ក្នុងពេលប្រឡង ប៉ុន្តែពួកគេក៏បានក្លាយជាតារាចម្រៀង ក្នុងផលិតកម្ម និងមានកេរ្តិ៍ឈ្មោះល្បីដល់សព្វថ្ងៃ៕