ខេត្តកំពង់ឆ្នាំង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានអគ្គិភ័យមួយបានឆាបឆេះដេប៉ូលក់ហ្គាស និងស្ថានីយប្រេងឥន្ធនៈយ៉ាងសន្ធោសន្ធៅទាំងព្រឹក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចជិតដំរីស ស្ថិតនៅក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ហើយហេតុការណ៍ភ្ញាក់ផ្អើលនេះ គឺបានឆាបឆេះនៅកន្លែងស្តុកធុងហ្គាសជាច្រើនផងដែរ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ជាបឋមឱ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះដេប៉ូលក់ហ្គាស និងប្រេងឥន្ធនៈខាងលើនេះ គឺមានម្ចាស់ឈ្មោះ រុំ បានបើកអាជីវកម្មជាច្រើនឆ្នាំណាស់មកហើយ ដោយមានលក់ហ្គាសមួយចំហៀង និងលក់ប្រេងឥន្ធនៈមួយចំហៀង ហើយចំពោះការឆាបឆេះនេះ គឺឆេះផ្នែកខាងស្តុបធុងហ្កាស់ជាច្រើន ។
សមត្ថកិច្ចបន្តថា ហើយចំពោះមូលហេតុនៃការឆាបឆេះខាងលើនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ចំណែកឯការខូចខាតគឺខូចខាតតែសម្ភារៈមានដេប៉ូ និងសម្ភារៈជាច្រើនទៀតប៉ុណ្ណោះ ប៉ុន្តែមិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ពេលនេះ សមត្ថកិច្ចនគរបាលកំពុងតែត្រួតពិនិត្យ និងប្រមូលរបាយការណ៍ ដើម្បីបូកសរុបនៃការខូចខាតហើយ ។ ហើយក្នុងកិច្ចអន្តរាគមន៍ខាងលើនេះដែរ សមត្ថកិច្ចនគរបាលក៏បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៥គ្រឿង ទើបអាចគ្រប់គ្រងសភាពការណ៍បាន ៕