ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង ០១ និង ៣០ នាទី កម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមេគោនិងកូនគោ នៅចំណុចទួលតាពុធ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។តាមរបាយការណ៍ របស់អធិការនគរបាល ស្រុកបាកានបានឲ្យដឹងថា បន្ទាប់ពីជនសង្ស័យកំពុងធ្វើសកម្មភាពដឹកគោបាន ចម្ងាយប្រហែល ១០០០ ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ ដែលឃ្វាលគោនៅទីនោះ ស្ទាក់ចាប់បានជនសង្ស័យ និងគោ២ក្បាល រួចបានរាយការណ៍ ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ភ្លាមនោះកម្លាំងប៉ុស្តិ៍បឹងខ្នារបានចុះឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ លឹមថៃ អាយុ២២ឆ្នាំ រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ដែលបានលួចមេគោ និងកូនគោរបស់ឈ្មោះ គិត កែវ អាយុ៥២ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
កម្លាំងនគរបាលប៉ុស្តិ៍បឹងខ្នារ បាននាំខ្លួនជនសង្ស័យឈ្មោះ លឹម ថៃ និងម៉ូតូសង់កូរ៉េចាស់ចំនួន០១គ្រឿង យកមកប៉ុស្តិ៍ ឆែកឆេរលើខ្លួនប្រាណ ជនសង្ស័យរកឃើញនិងដកហូត វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យគ្រឿងញៀនចំនួន ០១ កញ្ចប់ –ទូរស័ព្ទចំនួន០១គ្រឿង –ដែកកេះចំនួន០២ដើម និងកំណាត់អំពូលពណ៌ស ១ កំណាត់ ។តាមរបាយការណ៍បានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចយកមេគោ និងកូនគោនេះមែន ហើយប្រហែល ៥ថ្ងៃមុន វេលាម៉ោងប្រហែល ៧យប់ ខ្លួនលួចម៉ូតូធុនឌ្រីមសង់ស៊េរី ២០១៥ ពណ៌ខ្មៅ ដែលម្ចាស់ចូលទិញអីវ៉ាន់ មិនបានដកសោ នៅខាងលិចផ្សារបឹងខ្នារពេលលួចបានជិះទៅ ដល់អូរតាប៉ោង កាច់ផ្លាកលេខម៉ូតូបោះចោល ដល់ស្អែកឡើងយកទៅបិទតែមឆ្នាំ២០២០ រួចជិះយកទៅផ្ញើនៅផ្ទះឈ្មោះ យុត ភេទប្រុស នៅភូមិមេទឹក ។
ចំពោះម៉ូតូដែលជនសង្ស័យយកមកផ្ញើ ឈ្មោះ យុត បានប្រគល់មកឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹករីឯមេគោ និងកូនគោសមត្ថកិច្ច បានប្រគល់ឲ្យទៅម្ចាស់គោវិញ ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកបាកានតាមបញ្ជារបស់ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ រង់ចាំការដោះស្រាយតាមនីតិវិធី ៕