ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងឱ្យដឹងថា នៅក្នុងអំឡុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលសម្ពាធទាបខ្សោយ, ទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) និងខ្យល់មូសុងឦសាន។ជាមួយគ្នានេះ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានកើតឡើងនូវព្យុះទី២២ ឈ្មោះ រ៉ាយ (RAI)ដែលអាចមានដំណើរឆ្លងកាត់ប្រទេស ហ្វីលីពីន ចូលក្នុងសមុទ្រចិនខាងត្បូង។ ក្នុងអំឡុងថ្ងៃទី១៩-២១ ខែធ្នូ ព្យុះនេះ មានទិសដៅតម្រង់ទៅប្រទេសវៀតណាម ក្បែរឆ្នេររួចងាកចេញមកក្បែរកោះហាយណាំវិញ ដោយបន្តដំណើរឡើងទៅលើក្នុងសមុទ្រ ដែលឥទ្ធិពលក៏ថមថយជាបន្តបន្ទាប់ផងដែរ។ ព្យុះនេះមានឥទ្ធិពលបន្តិចបន្តួច មកលើតំបន់ខ្ពង់រាបភាគឦសានប្រទេសកម្ពុជា។ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C។ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មានពី១៧-១៩°C និងអតិបរមា មានពី២៥-២៧ °C ។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C។ នៅថ្ងៃទី១៩ ខែធ្នូ អាចមានពពកច្រើន, មានភ្លៀងខ្សោយ និងខ្យល់ខ្លាំង។ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មានពី១៦-១៨ °C និងអតិបរមាមានពី២៥-២៧ °C ។៣៖តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C។ ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមាមានពី១៩-២១ °C និងអតិបរមា មានពិ២៧-២៩°C៕