ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូឌុបគ្នា
សុខៗស្រាប់តែមានរថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងួត តេងឡាយ បើកលឿនរេចង្កូតឡើងឃឿនពុះចែកទ្រូងផ្លូវមកបុកម៉ូតូ នៅចំណែកផ្លូវម្ខាងទៀត កាលវេលាម៉ោង១២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សពជនរងគ្រោះមានឈ្មោះ ហ៊ុន វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណេីតនៅឃុំ ព្រៃឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមប្រភពពីសន្តិសុខម្នាក់ដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុន ផែស្ងួត តេងឡាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A 0771បើកដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃឡើងលេីឃឿនពុះច្បារចែកទ្រូងផ្លូវរួចបន្តទៅបុកម៉ូតូម៉ាកE XCITER ពាក់ស្លាកលេខភ្នំពេញ1GQ -6422ជិះដោយបុរសពីរនាក់ទិសដៅពីកើតទៅលិច ពេញទំហឹងប៉ើងទៅលើចិញ្ចើមផ្លូវហើយត្រូវរថយន្តកិនចំក្បាលអ្នកបើកបរម៉ូតូធ្លាយខួរពេញផ្លូវស្លាប់យ៉ាងរន្ធត់ និងបុរសម្នាក់ទៀតដែលរួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិចឯកជនដឹកទៅសង្គ្រោះភ្លាមៗ ។ ដោយឡែកតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនទៅប៉ុស្តិ៍ច្បារអំពៅ២ រង់ចាំប្រគល់ឲ្យជំនាញក្រុងចាត់ការតាមនីតិវិធី ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលខណ្ឌច្បារអំពៅសហការជាមួយសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញនៃស្នងការនគរបាលរាជធានីធ្វេីការវាស់វែងយករថយន្តបង្កព្រមទាំងតៃកុងនិងម៉ូតូរងគ្រោះទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ ដោយឡែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់រួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕