ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តម៉ាកCRVក្នុងល្បឿនលឿនមិនប្រយ័ត្នរេចង្កូតជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យដាច់កង់ម្ខាងចំណែករបាំងថ្មរងការខូចខាតចំនួន១កង់។ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៣ទាបភ្លឺរំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខស្ថានទូតជប៉ុន តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានរថយន្តមួយគ្រឿងម៉ាកCRV ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខភ្នំពេញ2AV 3785 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្តងបណ្តាលឱ្យរថយន្តដាច់កង់ខាងមុខផ្នែកខាងឆ្វេងចេញពីរថយន្តហេីយរថយន្តមិនទាន់អស់ល្បឿនក៏រេទៅខាងស្តាំដៃវិញបន្តឡេីងឃឿនផ្លូវផ្ទុះពោងសុវត្តិភាពទៅមុខលែងរួចចំណែករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតចំនួនមួយកង់សំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុម្ចាស់រថយន្តបង្កបានចុះពីលេីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកស្ទូចរថយន្តទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕