ខេត្តសៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សយ ស៊ំា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប នៅកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធនិងករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ស័ង្កសីតូបលួចយកទូរស័ព្ទ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានអោយដឹងថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៤ និង៣០នាទីល្ងាច ស្ថិតនៅតូបលក់ទូរស័ព្ទយីហោ ពីង ពីង លក់ទូរស័ព្ទដៃទំនើប ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ស័ង្កសីតូបលួចយកទូរស័ព្ទ )ចំនួន២១គ្រឿង មានទូរស័ព្ទម៉ាកសាំស៊ុង ចំនួន០៥គ្រឿង ម៉ាកអូបពរ ចំនួន១៣គ្រឿង និងម៉ាកវីវូ ចំនួន០៣គ្រឿង របស់ជនរងគ្រោះឈ្មោះហេង សំណាង ភេទស្រី អាយុ២៨ឆ្នាំរស់នៅភូមិកើតហេតុខណៈពេលដែរជនរងគ្រោះមិននៅតូប បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។
បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ និងដោយផ្អែកលើកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចយើងក៏កំណត់មកសញ្ញាបាន ទើបនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានស្រាវជ្រាវហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ យកមកសាកសួរ ។តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឡើងហែកស័ង្កសីចូលទៅក្នុងតូបរបស់ជនរងគ្រោះលួចយកទូរស័ព្ទចំនួនខាងលើពិតមែន ដោយឡែកទូរស័ព្ទដែលជនសង្ស័យលួចនោះ ជនសង្ស័យបានយកទៅលក់ និងបញ្ចាំ អស់ហើយ ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីនីតិវិធីច្បាប់បន្ត ៕