បាត់ដំបង៖ ករណីបាញ់បោះសេរីនេះ រហូតដល់យប់ ថ្ងៃទី០៧ ខែធ្នូ កន្លងមកនេះ នៅមិនទាន់បានរកឃើញមុខសញ្ញាល្មើសនៅឡើយ គឺកម្លាំងជំនាញកំពុងតែមមាញឹកចុះស្រាវជ្រាវស្វែងរក។ករណីផ្ទុះអាវុធជាង ២០គ្រាប់ បង្កភាពភ្ញាក់ផ្អើលទាំងយប់ក្នុងភូមិសាស្ត្រស្រុកសំឡូត រួចជនបង្កគេចចូលព្រៃក្រាស់បាត់ ពេលនេះសមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវ។ ជនបាញ់បោះសេរីនេះ បន្ទាប់ពីផឹកស្រវឹងជោគជាំបានមានទំនាស់ពាក្យសម្តីគ្នាជាមួយកូនប្រសារ ក៏ទាញកាំភ្លើងបាញ់ឡើងលើជាច្រើនគ្រាប់កាលពីវេលាម៉ោងប្រមាណ ០៨:០០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះជនបង្កផ្ទាល់ ស្ថិតក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុពិនិត្យឃើញថា ជនសង្ស័យបានប្រើប្រាស់អាវុធខុសច្បាប់ ប្រភេទ AK-47 ដោយ នគរបាលបានរកឃើញសំបកគ្រាប់ដែលបាញ់រួច មានរហូតដល់ទៅ ២១គ្រាប់។ករណីខាងលើនេះសមត្ថកិច្ចទាំង ៣កងឯកភាពកំពុងតែដុតដៃ ដុតជើងក្នុងការស្វែងរកដោយប្រុងប្រយ័ត្ន ពិសេសក្នុងព្រៃក្រាស់ៗក្បែរតំបន់កើតហេតុ ថែមទាំងនាំយកកាំភ្លើងជាប់ទៅជាមួយផង៕