ភ្នំពេញ ៖ ហេតុការណ៍ ដែលបង្កការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីយប់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប៉ុន្តែសំណាងល្អ បានបុរសម្នាក់ស្ទុះទៅចាប់ឃាត់ទាន់ពេល ធ្វើឲ្យនារីរូបនេះអង្គុយយំនៅលើស្ពាន។
នៅមុនពេលកើតហេតុ ខ្លួនបានឌុបនារីខាងលើនេះ ដែលជាអ្នកស្គាល់គ្នាចេញពីហាងផឹកស៊ី ហើយដោយសារតែនាងមានទំនាស់ ជាមួយសង្សារក៏ពឹងខ្លួនឲ្យជូនតាមម៉ូតូ ឆ្ពោះទៅកាន់ស្ពានជ្រោយចង្វារ។ លុះមកដល់លើស្ពានជ្រោយចង្វារ ស្រាប់តែនារីរូបនោះ បានស្ទុះចុះពីលើម៉ូតូ បោះកាបូបស្ពាយចោលប្រុងលោតទឹកសម្លាប់ខ្លួន តែភ្លាមៗនោះបុរសរូបនេះ រួមទាំងអ្នកដំណើរដែលមានបុរសម្នាក់ទៀត ស្ទុះមកជួយចាប់ឃាត់នាងទាន់ពេល។ បន្ទាប់ពីកើតហេតុភ្លាមៗ បុរសដែលជាអ្នកឌុបនារីរូបនោះ ក៏បានព្យាយាមទូរស័ព្ទទាក់ទង ទៅសង្សាររបស់នារីរងគ្រោះផងដែរ។
ក្រោយមក បុរសជាសង្សាររបស់នារីរូបនេះ បានជិះម៉ូតូមកដល់កន្លែងកើតហេតុ ហើយពួកគេក៏ចាប់ឱបគ្នា ដែលធ្វើឲ្យនារីរូបនោះឈប់មានបំណងចង់លោតទឹកបន្តទៀត ហើយក៏សុខចិត្តឡើងម៉ូតូជិះឌុបគ្នា វិល ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅម្តុំព្រែកព្នៅវិញបាត់ទៅ៕