រដ្ឋធានីណៃពិដោរ៖ ពួកកងទ័ពមីយ៉ាន់ម៉ា បានបើករថយន្ដយោធា បំបុកចូលក្នុងហ្វូងបាតុករ នៅក្នុងទីក្រុងពាណិជ្ជកម្ម យ៉ាំងហ្គូន បណ្ដាលឲ្យក្រុមអ្នកតវ៉ាជាច្រើននាក់ រងរបួស កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។បើតាមសារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ថា ក្រុមបាតុករ ជាច្រើននាក់ បានរងរបួស ក្រោយពេលរថយន្ដយោធា បានបើកបំបុកចូលក្នុងហ្វូងបាតុករ នៅក្នុងទីក្រុងយ៉ាំងហ្គូន ដែលទីក្រុងពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ា។ សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បន្ទាប់មកទាហានបានបាញ់ប្រហារទៅលើបាតុករ ដែលរត់គេចខ្លួន និង បានវាយប្រហារទៅលើអ្នកផ្សេងទៀត។ដោយឡែក ពួកយោធាបានអះអាងថា ខ្លួនបានចាប់មនុស្សចំនួន១១ នៅកន្លែងបាតុកម្មចុងក្រោយនេះ។
ចំណែកក្រុមអ្នកតវ៉ា ចំនួន៣នាក់ បានរងរបួស ហើយក្នុងនោះមានម្នាក់ រងរបួសធ្ងន់។ប្រទេសមីយ៉ាន់ម៉ា ឬភូមា បានធ្លាក់ចូលទៅក្នុងវិបត្ដិកាន់តែធ្ងន់ធ្ងរ ក្រោយពេលពួកឧត្ដមសេនីយ៍ បានដឹកនាំធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សាន់ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។អំពើរដ្ឋប្រហារយោធានេះ បានសម្លាប់ក្រុមអ្នកតវ៉ា ជាង ១ ២០០នាក់ និង មនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវចាប់ឃុំខ្លួន។ដោយឡែក មនុស្សរាប់ម៉ឹននាក់ផ្សេងទៀត បានរត់ចូលព្រៃ ដើម្បីចូលរួមជាមួយចលនាបះបោររបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតាមរដ្ឋផ្សេងៗ ប្រឆាំងនឹងរដ្ឋាភិបាលយោធា។ ទោះជាយ៉ាងណា រហូតមកដលពេលនេះ របបយោធាមីយ៉ាន់ម៉ា បានរងនូវការថ្កោលទោសយ៉ាងខ្លាំង ពីសហគមន៍អន្ដរជាតិ ហើយសូម្បីតែនៅក្នុងកិច្ចប្រជុំកំពូល នៃប្រជាជាតិអាស៊ាន និង អង្គការសហប្រជាជាតិ ក៏មិនបានអញ្ជើញតំណាង មកពីភាគីមីយ៉ាន់ម៉ា ឲ្យចូលរួមដែរ៕