ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានស្ត្រីម្នាក់បានសម្រាលកូនតែម្នាក់ឯងនៅមុខក្លោងទ្វារវត្តកោះអស់រយៈពេលជាច្រើនម៉ោង ដោយអត់មានរថយន្តសង្គ្រោះណាមកដឹកយកទៅមន្ទីរពេទ្យនោះទេ ធ្វើឲ្យសុខភាពទាំងម្តាយ និងទារកចុះខ្សោយយ៉ាងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខក្លោងទ្វារវត្តកោះ ខាងកើតផ្លូវ៦៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។តាមពត័មាននៅកន្លែងបានឱ្យដឹងថា ស្ត្រីដែលសម្រាលកូននៅមុខវត្តកោះខាងលើនេះ មានឈ្មោះ ធឿន ណាវី អាយុ២៨ឆ្នាំ មានប្តីកំពុងជាប់នៅមន្ទីរឃុំឃាំង និងមានកូន២នាក់ ដោយកូនបងទើបតែអាយុ៣ឆ្នាំប៉ុណ្ណោះ ហើយត្រូវបានអង្គការទទួលយកទៅចិញ្ចឹម ចំណែកកូនដែលកំពុងសម្រាលនេះ គឺជាកូនទី៣ ស្នាក់នៅមិនពិតប្រាកដ ។
បើតាមប្រភពពីស្ត្រីខាងលើ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់ឈឺពោះខ្លាំងណាស់ ក៏បានហៅម៉ូតូកង់បីជិះទៅពេទ្យ តែដោយសារគាត់ក្រខ្សត់ ទើបគ្មានកង់បីណាហ៊ានដឹកគាត់ទៅរកពេទ្យនោះទេ ។ស្ត្រីខាងលើបន្តថា ខណៈពេលនោះ គាត់ឈឺពោះខ្លាំងទ្រាំលែងបាន ក៏បានដេកដួលនៅមុខក្លោងទ្វារវត្តកោះ ហើយខំប្រឹងសម្រាលកូនតែម្នាក់ឯងតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចេញមកជួយសង្គ្រោះ ។
តែដោយកូនរបស់គាត់កើតមកមានទងសុករុំ.កទារក ហើយគ្រានោះដោយសារប្រជាពលរដ្ឋគ្មានជំនាញ ក៏មិនហ៊ានកាត់ចេញនោះទេ ក៏បានទាក់ទងហៅរថយន្ដសង្គ្រោះគ្លីនិកឯកជន និងរថយន្តរបស់មន្ទីរពេទ្យរដ្ឋជាច្រើនកន្លែងមកដឹកយកទៅសង្គ្រោះ ប៉ុន្តែជាលទ្ធផលគ្មានរថយន្តសង្គ្រោះណាមួយហ៊ានមកដឹកយកទៅទេ ពេលដឹងថា ស្ត្រីរងគ្រោះជាជនអនាថាអត់សាច់ញាតិបងប្អូន ។
បន្ទាប់មក ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះជួយអន្តរាគមន៍ តែត្រូវសមត្ថកិច្ចធ្វើមិនដឹងមិនលឺទៀត ។ ទើបអស់រយៈជាង២ម៉ោង ធ្វើអោយសុខភាពទាំងម្តាយ និងទារកចុះខ្សោយយ៉ាងខ្លាំង ហើយអ្វីដែលគួរសង្វេគខ្លាំងទៀតនោះ គឺសម្លេងស្រែកដង្ហោយហៅពីស្ត្រីខាងលើ ដើម្បីអោយគេជួយសង្គ្រោះនាងផង ព្រោះនាងឈឺចុកចាប់ក្នុងពោះខ្លាំងណាស់។ក្រោយមកបង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង ក៏មានរថយន្តសង្គ្រោះគ្លីនិកឯកជន «សុងការណ៍» បានមកដឹកស្ត្រីរូបនោះ រួមនឹងទារិកាដែលមិនទាន់កាត់ទងសុក យកទៅមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក ហៅកាត់ថា «ពេទ្យជប៉ុន» ដើម្បីសង្គ្រោះអាយុជីវិតម្តាយនិងកូនភ្លាមៗផងដែរ ។ ហើយនៅក្នុងហេតុការណ៍នោះ ក៏មានសប្បុរសជនបានជួយឧបត្ថម្ភថវិកាតាមរយៈអ្នកសារព័ត៌មាន ដើម្បីជួយសង្គ្រោះស្ត្រីកំសត់ខាងលើផងដែរ ៕