កំពត៖កម្មការិនីចំនួន២នាក់ត្រូវបានស្លាប់នៅនឹងកន្លែងចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តបុកម៉ូតូពីរគ្រឿងនៅលើដងផ្លូវជាតិលេខ៣ស្ថិតក្នុងភូមិព្រែកក្រែងសង្កាត់ព្រែកត្នោតក្រុងបូកគោខេត្តកំពតកាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង ៥:១០នាទីល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៧-១៧៨ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកត្នោត រវាងរថយន្តមួយគ្រឿង បុកជាមួយម៉ូតូពីរគ្រឿង។
មុនគ្រោះថ្នាក់កើតឡើង គេឃើញម៉ូតូពីរគ្រឿងបើកមកពីទិសខាងលិចដោយមួយគ្រឿងបើកបរដោយបុរសម្នាក់ ឯមួយគ្រឿងទៀតធ្វើដំណើរដោយនារីពីរនាក់។ស្របពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហ្វ័រធូន័រពណ៌សពាក់ស្លាកលេខភ្នំពេញ2BE2988បើកមកពីមុខដោយល្បឿនយ៉ាងលឿនរួចបុកម៉ូតូទាំងពីរគ្រឿងលាន់ឮដូចរន្ទះ។ភ្លាមៗនោះពេលអ្នកជិតខាងចូលទៅជួយស្រាប់តែឃើញស្ត្រីទាំងពីរនាក់បានស្លាប់បាត់ទៅហើយ។ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពតជាបន្ទាន់។សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា អ្នកបើកបររថយន្តបង្កជាជនជាតិចិន ឈ្មោះ Liu Wie ភេទប្រុស អាយុ ៣១ឆ្នាំ។ ចំណែកអ្នកបាត់បង់ជីវិតទាំងពីរនាក់ ជាកម្មការិនីមានទីលំនៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ដោយឡែកបុរសដែលរងរបួសរស់នៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត៕