ដើម្បីកុំអោយគេ ភ្លេចមុខ តារាចម្រៀងសៅ រ៉ានីត ដែលបងប្អូនខ្មែរនៅ អាមេរិកគាំទ្រ និងសរសើរថាច្រៀងពិរោះ នឹងមានវត្តមានឡើងវិញលើ វេទិកាច្រៀងរាំតាមរដ្ឋនានា នៃទឹកដីដ៍សុីវិល័យនោះ។ កម្លោះសង្ហាសៅ រ៉ានីត បានត្រៀមសំឡេង និងទឹកដមរួចរាល់ ដើម្បីបំពេរពុកម៉ែ បងប្អូនអោយបានសប្បាយ រីករាយ ក្រោមការនឹករលឹកគ្នា។
តារាចម្រៀង សៅ រ៉ានីត ដែលបានចាកចេញ ពីមាតុភូមិខ្លួន ទៅសាងជីវិតថ្មីនៅលើដីអាមេរិកនៅតែ បន្តការងារជាអ្នកសិល្បៈដែល ជាអាជីពស្រឡាញ់ផ្តាច់មិនបាន។ តារាប្រុសដែលឆ្លងកាត់ ការប្រឡងចម្រៀង ថ្នាក់ជាតិរូបនេះ ទើបតែផលិតបទចម្រៀងថ្មីៗ ដែលត្រៀមចេញផ្សាយឆាប់បំផុតតបការ ចង់ស្តាប់របស់ប្រិយមិត្តក្នុងនិងក្រៅប្រទេស។ លើសពីនេះលោក ក៍ត្រៀមខ្លួនច្រៀងសម្តែងខនសឺត ជាថ្មីក្រោយពេលរលកកូវីដ១៩ បានស្ងប់ទៅឈានមកប្រក្រតីវិញ។
បើកុំមានវិបត្តិកូវីដ១៩ មកដល់តារាប្រុស រូបនេះ នឹងបន្តអុកឡុកច្រៀងរាំ តាមបណ្តា រដ្ឋនានា នៅលើទឹកដីសហរដ្ឋអាមេរិកដែលមានខ្មែររស់នៅទីនោះ។ លោកជាតារាចម្រៀងដែលមាន ទឹកដមសំឡេងមុតស្រួច ច្បាស់ពាក្យពេចន៍ ហើយអាចមានសមត្ថភាពច្រៀងទាំងចម្រៀងសម័យទំនើប និងចម្រៀងមរតកដើមបានជាច្រើនបទមិនចាញ់គេឡើយ។ លោក រ៉ានីត មានការរីករាយជាខ្លាំងនៅពេលដឹងថាស្ថានភាព កូវីដនៅ អាមេរិកជិតវិលមករកសភាពដូចដើម ស្រាប់តែទទួលបានការងារសិល្បៈជាថ្មី ស្របពេលបទចម្រៀងដែលខំផលិតបាន ក៍ត្រៀមបង្ហាញអ្នកគាំទ្រជាថ្មី។
លោក សៅ រ៉ានីត ដែលពេលនេះ កំពុងតែជោគជ័យលើជីវិតស្នេហា ថែមទាំងជិតក្លាយជាឪពុកគេទៀតនោះ បានឆ្លងឆ្លើយជាមួយអ្នកយកព័ត៌មានយើងថា លោកពិតជារីករាយ ដែលមានសមិទ្ឋិផលមួយចំនួន នៅក្នុងវិស័យសិល្បៈចែកជូនដល់មហាជន។ ចុងឆ្នាំនេះមានការសម្តែង ខនសឺត និងឆ្នាំក្រោយក៍មានឱកាសសម្តែងដែរ។ បើនិយាយពីចម្រៀងវិញ លោកបានតែង និងសរសេរដោយខ្លួនឯងបួនបទ ដូចជាបទ«នឹកណាស់»«ព្យុះទឹកភ្លៀង»«រលាយ» និងបទ«រកឃើញហើយដង្ហើមជីវិត»។ លោកបន្តថា តាមអ្វីដែលប៉ង និងគិតចង់បង្កើតឡើងគឺ មានគម្រោងឬកម្មវិធីមួយ ដើម្បីជួយខ្មែរនៅស្រុកយើង ដើម្បីជាការចែករំលែកសុខទុក្ខគ្នា។ ក្រៅពីនេះ នឹងមានភាពប្លែកៗក្នុងសិល្បៈនាឆ្នាំ២០២២ ដែលធានាថាទាក់ទាញ។ បើកាលៈទេសៈល្អឆ្នាំក្រោយ លោកក៍មានផែនការចុះមកលេងស្រុកកំណើត និងសម្តែងច្រៀងតាមបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួនផងដែរ។