កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២ និង ២៥ នាទី មានករណីប៉ុនប៉ងរំលោភសេពសន្ថវ: នៅចំណុចក្នុងបន្ទប់ជួល ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនសង្ស័យឈ្មោះ ទឹម យ៉ត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ៅការសំណង់ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកខោអាវ ដែលខ្លួនបានគក់រួចហើយ ហាលមិនទាន់ស្ងួតបានយកទៅដាក់ហាល សំដិល នៅក្នុងបន្ទប់ជួលមួយ ដែលគ្មានអ្នកស្នាក់នៅ ក្បែរបន្ទប់របស់ខ្លួន ។ រហូតដល់ថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុជនរងគ្រោះបាន ត្រលប់មកពីទិញទឹកកក ដើម្បីទុកក្លាស់សេបន្លែ ក៏ជួបជាមួយជនសង្ស័យ ហើយជនសង្ស័យបានសួរទៅជនរងគ្រោះថាពេលណា បានឲ្យបងទៅជួប ហើយជនរងគ្រោះ ក៏បានឆ្លើយតបទៅវិញថា មកជួបខ្ញុំមានការអ្វី? បន្ទាប់មកជនរងគ្រោះក៏ដើរបន្តទៅបន្ទប់ ជួលរបស់ខ្លួន ។
ក្រោយពីជនរងគ្រោះ បានដាក់ទឹកកកក្លាស់សេបន្លែរួចរាល់ហើយ ក៏ដើរទៅយកខោអាវដែលខ្លួន បានដាក់ហាលសំដិលនៅក្នុង បន្ទប់នោះ ដើម្បីយកមកទុកនៅក្នុងបន្ទប់របស់ខ្លួនវិញ ។ នៅពេលជនរងគ្រោះ កំពុងយកខោអាវនោះស្រាប់តែឃើញ ជនសង្ស័យ បានបើកទ្វារបន្ទប់នោះ ហើយចូលទៅចាប់ឱបស្ទាបអង្អែលលើរាង្គ កាយរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះបានរើបម្រះរួច ក៏រត់ចេញពីបន្ទប់នោះ ហើយក៏ជួបជាមួយស្វាមីរបស់ខ្លួន និងបាននិយាយប្រាប់អំពីសាច់រឿងទាំងអស់បន្ទាប់មកភាគី ទាំងពីរ ក៏បានជួបជជែកដើម្បីដោះស្រាយគ្នា ។
ក្រោយមកភាគីទាំងពីរជជែកគ្នាមិនត្រូវ ទើបជនរងគ្រោះ បានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍បែកចានបន្ទាប់ពីកម្លាំងប៉ុស្ដិ៍ ទទួលបានព័ត៌មាន ក៏ចុះទៅដល់កន្លែងកើតហេតុ និងបានអញ្ជើញភាគីទាំងពីរ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំតាមនីតិវិធី ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលទៅក្នុងបន្ទប់នោះមែន គោលបំណងគឺចាប់រំលោភ លើជនរងគ្រោះ ដោយសារខ្លួនបានលួចស្រឡាញ់ លើជនរងគ្រោះរយ:ពេល១៥ថ្ងៃមកហើយ ។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕