ស្ទឹងត្រែងៈ ទន្ទឹមនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានបញ្ជាឱ្យធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវ ចំពោះបញ្ហាដែលបានកើតឡើងដោយធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារផងដែរ។គិតមកត្រឹមថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២១នេះ នៅសល់អ្នកទោសជួញដូរគ្រឿងញៀន ពីរនាក់ទៀតក្នុងចំណោមប្រាំពីរនាក់ ដែលកំពុងរត់គេចនិងលាក់ខ្លួនបន្ទាប់ពី សមត្ថកិច្ចស្វែងរកចាប់បានមកវិញចំនួនប្រាំនាក់រួចមកហើយ។ អ្នកទោសដែលបន្ថែមបទល្មើសដោយខ្លួនទាំងនេះបានលួចទម្លុះជញ្ជាំងបេតុងនៃពន្ធនាគារកាលពីទៀបភ្លឺថ្ងៃទី៨ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ។ ពន្ធនាគារនេះស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ទណ្ឌិតមានទោសដោយគ្រឿងញៀនពីរនាក់ដែលពុំទាន់ចាប់ខ្លួនបានមកវិញនេះមានឈ្មោះ ឡាវ៉ាន់ កាវង់ផេង និង ឈ្មោះ សៀន ខន។ចំណែកជនជាប់ឃុំសុទ្ធសឹងជា បុរសដែលសមត្ថកិច្ចចាប់បានមកវិញ មានជនជាតិឡាវចំនួនពីរនាក់និងជនជាតិខ្មែរចំនួនបីនាក់។ ក្នុងនោះ
១.ឈ្មោះ ទូច វ៉ាត់ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមានបទល្មើសសមគំនិត ក្នុងអំពើជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងមានកម្រិត ទោស៣០ឆ្នាំ ,២.ឈ្មោះ វ៉ា ភូ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស២០ឆ្នាំ ,៣.ឈ្មោះ ភិត ងិន
អាយុ៤០ឆ្នាំ ជនជាតិឡាវមានបទល្មើស ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោសបួនឆ្នាំ ,៤.ឈ្មោះ ចាក លីប៊ីតាលី អាយុ២៨ឆ្នាំជនជាតិ ឡាវ មានបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្រិតទោសអស់មួយជីវិត និង៥.ឈ្មោះ ហន វិមាន អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានបទល្មើសលួចមានស្ថានទម្ងន់ ទោសដោយសារការ ប្រើទារុណកម្មនិងមានកម្រិតទោស ២៧ឆ្នាំ ។ទាក់ទងនឹងករណីនេះដែរ កាលពីថ្ងៃទី១២ខែវិច្ឆិកា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាក់លើបណ្តាញសង្គមផ្លូវការរបស់សម្ដេចថា សម្តេចក៏បានចាត់ចែងឲ្យមានការធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារដែលពេលនេះក្រុម ការងារកំពុងតែធ្វើកិច្ចការនេះ ។
សម្តេចក្រឡាហោមបានបញ្ជាក់ថា ”អ្វីដែលខ្ញុំចង់បញ្ជាក់នៅពេលនេះគឺលទ្ធផល ប្រតិបត្តិការនេះពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើងដែលបានជួយស្រាវជ្រាវ និងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញ នូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀនទាំងនេះ។ លទ្ធផលនេះបានបង្ហាញថាគ្រប់សកម្មភាពសង្គមអាចសម្រេចបានដោយសារតែមានការចូលរួមរបស់ប្រជាពលរដ្ឋ។ វាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថាបងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹងនិងចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ “។ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួនសម្តេចផ្ទាល់ដែលទទួលខុសត្រូវ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម សូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូល រួមក្នុងប្រតិបត្តិការនេះហើយសង្ឃឹមថា ការចាប់ខ្លួនទណ្ឌិតពីរនាក់ទៀត នឹងសម្រេចបាននាពេលឆាប់ៗខាងមុខនេះ៕