ភ្នំពេញ ៖ ផឹកស៊ីជុំគ្នា ក្លាយជាជម្លោះ បង្កជាហិង្សាដាក់គ្នា រហូតភាគីម្ខាងឈានដល់ការ ដកកាំភ្លើង វាយតប់គ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសរៀងខ្លួន ត្រូវបានសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនារីម្នាក់ ដែលអះអាងថា ត្រូវបានភាគីម្ខាងទៀតដកកាំភ្លើង វាយត្រូវគាត់នោះ បានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមនារីនោះ បាននិយាយថាពួកគាត់បានមកពិធីខួបកំណើតនៅក្នុងហាងផឹកស៊ីមួយកន្លែង ភ្លាមនោះនាងក៏បានអង្គុយផឹក ក៏មានបុរសម្នាក់មកជល់កែវស្រា ឲ្យនាងផឹកដាច់អស់១កែវ នាងក៏ព្រម ភ្លាមនោះក៏ចាក់ស្រាចូលក្នុងកែវ តែនាងមិនលើកផឹក ស្រាប់តែបុរសនោះក៏ខឹង ក៏ថាឲ្យលេខទូរសព្ទទៅខ្លួន ហើយបុរសរូបនោះក៏និយាយថាបានលេខហើយនឹងតេមករកគាត់ទើបឈានដល់ការឈ្លោះគ្នាផ្អើលពេញហាងផឹកស៊ីនៅម្ដុំខណ្ឌ៧មករា ហើយក៏បន្តណាត់គ្នា មកជួបនៅផ្លូវ១៨២ ក្នុងខណ្ឌទួលគោក មុខផ្លូវចូលសំណង់១២ ឈានដល់ការឈ្លោះគ្នាវាយតប់គ្នាទៅវិញទៅមករហូតភាគីបុរសនោះដកកាំភ្លើងវាយបណ្តាលឲ្យរងរបួសរៀងខ្លួនតែម្តង។
ដោយឡែកភាគីម្ខាងទៀតដែលត្រូវគេចោទថាគាត់បានដកកាំភ្លើងវាយគេនោះបាននិយាយថារឿងទាំងអស់ឲ្យទៅមើលកាមេរ៉ាសុវត្ថិភាពទាំងអស់គ្នាបានដឹងថាខាងណាខុសខាងណាត្រូវហើយគាត់ក៏បានបន្ដទៀតថាគាត់មិនបានដកកាំភ្លើងវាយគេទេគ្រាន់តែណាត់គ្នាមកនិយាយគ្នាហើយសម្រួលគ្នាតែមិនអញ្ចឹងបែរជាឈ្លោះគ្នាវាយតប់គ្នាទៅវិញទៅមកបែបនេះទៅវិញ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់បានចុះអន្តរាគមន៍ឃាត់ភាគីទាំងសងខាងទៅសួរនាំនៅប៉ុស្ដិ៍នគបាលទឹកល្អក់ទី២ដើម្បីសួរនាំថារឿងអ្វីហើយកើតហេតុនៅចំណុចណាទើបដឹងថាទីតាំងមានជម្លោះដំបូងគឺនៅក្នុងខណ្ឌ៧មករា ទើបសមត្ថកិច្ចខណ្ឌទួលគោក នាំភាគីទាំងសងខាង ទៅកាន់អធិការនគបាលខណ្ឌ៧មករា វិញ ដើម្បីដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕