ភ្នំពេញ ៖ ពិតជារន្ធត់ណាស់ បុរសម្នាក់ជិះម៉ូតូបំណងទៅយកកូនចេញពីធ្វើការ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងផងនោះ កំពុងជិះតាមដងផ្លូវសុខៗ ក៏ត្រូវបានរថយន្តមិនចាំម៉ាកមួយគ្រឿងបើកមកពីក្រោយ កៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យរេចង្កូតទៅបុកនឹង កន្ទុយរថយន្ដសណ្តោងរម៉ក ដែលទុកចោលនៅចិញ្ចើមផ្លូវ ពេញទំហឹង គាបម៉ូតូជាប់នឹងថ្កល់ ចំណែកជនរងគ្រោះវិញរបួសធ្ងន់ខ្លាំង រហូតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ទើបដឹកសាកសពមកកន្លែងកើតហេតុវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។សាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ផន ឌឹម ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ខណៈប្រពន្ធរបស់គាត់ទើបតែស្លាប់បាន២ឆ្នាំប៉ុណ្ណោះ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានជិះម៉ូតូម៉ាកBeat មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1GX-4013 ធ្វើដំណើរតាមបណ្ដោយផ្លូវវិមានឈ្នះៗ ពីត្បូងមកជើង បំណងទៅកូនចេញពីធ្វើការ លុះមកដល់ចំណុចកើតហេតុ ខណៈមេឃកំពុងធ្លាក់ភ្លៀងផងនោះ ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត បើកស្របគ្នាមកពីក្រោយ កៀរម៉ូតូជនរងគ្រោះ បណ្តាលឲ្យរេចង្កូតបុកនឹងកន្ទុយសណ្ដោងរម៉ក របស់រថយន្តកុងតឺន័រ ដែលពាក់ស្លាកលេខ ភ្នំពេញ 4A-7985 ដែលចតទុកចោលនៅចិញ្ចើមផ្លូវ ពេញទំហឹង គាបជាប់ម៉ូតូជាមួយរថយន្តឈរនឹងថ្កល់ ខណៈមនុស្សវិញ បានបោកក្បាលផ្ទប់រងរបួសធ្ងន់ រហូតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ តែម្តងទើបដឹកសាកសពមកកន្លែងកើតហេតុវិញដើម្បីប្រគល់ឲ្យសាច់ញាតិ ។បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះមកធ្វើការពិនិត្យវាស់វែង យកម៉ូតូ និងកន្ទុយសណ្តោងរម៉កខាងលើ យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕