ភ្នំពេញ: នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តធុនធំ បើកបរយ៉ាងលឿនបានរេចង្កូតបុកពេញទំហឹងបង្កឲ្យការភ្ញាក់ផ្អើលទីតាំងកើតហេតុស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។សពជនរងគ្រោះឈ្មោះគុង ម៉ូង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅកន្លែងធ្វើការ នៅស្រុកបន្ទាយដែក ខេត្តកណ្ដាល និងមានស្រុកកំណើតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តធុនធំ មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រៃវែង 3A-1690 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ដោយក្នុងល្បឿនយ៉ាងលឿនលុះដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបររថយន្តងងុយដេកហើយងោកមួយភាំង ធ្វើឲ្យរថយន្តរេចង្កូតទៅខាងឆ្វេង ឆ្លងចូលទៅផ្លូវម្ខាងទៀតនិងបានបុកចំពី មុខម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2020 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1S9093បើកបរដោយបុរសរងគ្រោះទើបតែចេញពីកន្លែងធ្វើការ នៅស្រុកបន្ទាយដែក បំណងជិះទៅលេងផ្ទះបងនៅឯផ្លូវ៦០ម៉ែត្រ ដែលជិះទិសដៅបញ្ច្រាសទិសគ្នាជាមួយ រថយន្តនិងបណ្ដាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងបុរសរងគ្រោះបានបែកលលាដ៍ក្បាលស្លាប់ភ្លាមៗ ។
ចំណែកឯរថយន្តនៅមិនទាន់អស់ល្បឿនក៏បានបន្តទៅខាងមុខទៅបុកទម្លុះរបងផ្ទះលក់សម្បកកង់រថយន្តជាប្រភេទរបងដែកបណ្ដាលឲ្យបាក់ខូចខាតអស់៤ទៅ៥ផ្ទាំងនិងបុកពីក្រោយរថយន្តកូរេមួយគ្រឿងដែលចតខាងមុខផ្ទះនោះថែមទាំងរុញរថយន្ត កូរ៉េនោះ ទៅបុកផ្ទុបទ្វារផ្ទះលក់សម្បកកង់រថយន្ត បាក់ខូចមួយផ្ទាំងបន្ថែមទៀត ។ ទើបរថយន្តបង្កអស់ល្បឿនទៅមុខលែងរួច រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយសមត្ថកិច្ច បានចុះមកឃាត់ខ្លួនអ្នកបើកបរបានភ្លាមៗ ។ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្ករួមទាំងអ្នកបើកបរនាំយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕