ភ្នំពេញ ៖ រថយន្តវិស្តូពាក់ផ្លាកលេខភ្នំពេញ 2AC-9736 មួយគ្រឿងឆេះ សល់តែគ្រោងឆ្អឹង បន្សល់ទុកបុរសម្នាក់ឆេះខ្លោ.ចស្លា.ប់ក្នុងរថយន្ត ដោយមិនទាន់ដឹងមូលហេតុអ្វីឲ្យពិតប្រាកដ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជាក់ថា ជាករណីឃាត.កម្ម។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លុះដល់វេលាម៉ោង៦ព្រឹក ថ្ងៃខែដដែលទើបបង្កឲ្យការភ្ញាក់ផ្អើល។
សូមបញ្ជាក់ថា នៅកន្លែងកើតហេតុ គេឃើញរថយន្តវិស្តូបត់ក្បាលពីលិចមកកើត ធ្លាក់ចូលចញ្ចើមផ្លូវខាងស្តាំ និងទ្វារខាងស្តាំបើកមួយចំហៀង ហើយប្រអប់លេខរថយន្តខាងលើជាប់នៅអក្សរ(P) និងមានកូនញញួមួយនៅក្នុងរថយន្ត ចំណែកសពជនរងគ្រោះឆេះខ្លោ.ចស្លា.ប់លើកៅអីរថយន្ត ជុំវិញករណីនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា ជាករណីអ្វីពិតប្រាកដនោះទេ ខណៈពេលនេះសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់គោករកា សហការជាមួយនិងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌព្រែកព្នៅ កម្លាំងជំនាញចរាចរណ៍ក្រុង និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យបច្ចេកទេស ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងតែបើកការស្រាវជ្រាវ និងពិនិត្យជុំវិញបរិវេណកន្លែងកើតហេតុ ឲ្យដឹងមូលហេតុថា ជាករណីអ្វីឲ្យពិតប្រាកដ។
បន្ទាប់ពីសមត្ថកិច្ចជំនាញបើកការពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ជាលទ្ធផលសមត្ថកិច្ចបានបញ្ជាក់ថា សពបុរសដែលឆេះស្លា.ប់ខាងលើនេះ ជាករណីឃាត.កម្ម ព្រោះនៅលើក្បាលសាកសព មានស្នាមផុងលលាដ៍ ហើយមានញញួនៅក្បែរសាកសពទៀតផង។បច្ចុប្បន្នសាកសពជនរងគ្រោះ កំពុងតែតម្កល់ទុកនៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវ រកក្រុមគ្រួសារសាច់ញាតិ មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕