ប៉ៃលិន: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីឃាតកម្មមួយបានកើតឡើង ប្តីកាប់សម្លាប់ប្រពន្ធ ហើយចងកសម្លាប់ខ្លួននៅក្នុងបន្ទាប់ទឹកតាមក្រោយ បណ្តាលឲ្យស្លាប់ទាំងពីរនាក់ ។ហេតុការណ៍នោះបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោងប្រហែល២០និង៤៥នាទី នៅចំណុចរោងចាំចម្ការ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
យោងតាមការបំភ្លឺរបស់ឈ្មោះ អូន សុខគា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកសិករ ត្រូវជាកូនបង្កើត បានឱ្យដឹងថា ជនរងគ្រោះ(ប្រពន្ធ) មានឈ្មោះ ចាន់ គួយ អាយុ៥៧ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ ជនបង្ក(ប្តី)មានឈ្មោះ ផាន់ ពៅ អាយុ៥២ឆ្នាំ មុខរបរកសិករ ទីលំនៅជាមួយគ្នា បានចងកធ្វើអត្តឃាតក្រោយពេលប្រព្រឹត្តល្មើស ។
មុនពេលកើតហេតុគ្រួសាររបស់គាត់រស់នៅទីនោះមានសមាជិក០៣នាក់(ឪពុកម្តាយកូន)នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ៨និង៣០នាទីព្រឹក ពួកគាត់ទាំងពីរនាក់បានទៅផឹកស្រាបៀរនៅផ្ទះឈ្មោះ រី មានគ្នាប្រហែល ០៤នាក់ក្រោយពីផឹកស្រាបៀរអស់ប្រហែល១កេសពួកគាត់ក៏បន្ដទៅចូលរួមខួបកំណើតគេដោយផឹកប្រហែល០២-០៣កំប៉ុងទៀត ដោយស្រវឹងរៀងៗខ្លួន ក៏បានទាស់ពាក្យសំដីគ្នា បន្ដិចបន្តួច ហើយក៏នាំគ្នាត្រលប់មកផ្ទះវិញ ប៉ុន្តែឪពុកបានជិះម៉ូតូមកតែម្នាក់ឯងដោយទុកឱ្យម្តាយនិងខ្លួនដើរមកវិញពេលមកដល់ផ្ទះពួកគាត់ក៏បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងបន្ទាប់មកឪពុកក៏បានយកកាំបិតបង្គាក់កាប់ទៅលើម្តាយចំកផ្នែកខាងក្រោយបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុរួចក៏បានប្រតាយប្រតប់ជាមួយខ្លួនប៉ុន្តែខ្លួនក៏បានរើបម្រាស់រួចហើយក៏រត់ចូលក្នុងព្រៃ ក្រោយមកឪពុកក៏បានទៅចងក នៅក្នុងបន្ទប់ទឹកស្លាប់បាត់ទៅ ហើយខ្លួនក៏ដេកក្នុងព្រៃចម្ការមួយយប់ ពេលព្រឹកព្រលឹមក៏បានប្រាប់ទៅដល់អ្នករស់នៅក្បែរនោះឱ្យមកជួយមើល។បច្ចុប្បន្នកម្លាំងប៉ុស្ដិ៍រដ្ឋបាលបានហ៊ុំព័ទ្ធកន្លែងកើតហេតុ រង់ចាំនគរបាលជំនាញពិនិត្យ និងកោសល្យវិច្ច័យ ៕