កូឡុំប៊ី៖ ទីភ្នាក់ងារជួយសង្គ្រោះគ្រោះមហន្តរាយរបស់ប្រទេសកូឡុំប៊ី បាននិយាយកាលពីថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ថា ការរអិលបាក់ដី នៅក្នុងខេត្តណារីណូ (Narino) ជិតព្រំដែនជាមួយប្រទេសអេក្វាឌ័រ បានសម្លាប់មនុស្សចំនួន ១១នាក់ហើយដោយបន្ថែមថាមនុស្សរាប់សិបនាក់ទៀតបានរងរបួសឬបាត់ខ្លួន។ទីភ្នាក់ងារជួយសង្គ្រោះដដែលបន្ត ថា ការរអិលបាក់ដីបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បានកើតឡើងនៅក្នុងជនបទ Mallama និងបានបំផ្លាញអគារចំនួនពីរខ្នង។
ទីភ្នាក់ងារនេះ បាននិយាយទៀតថា ការរអិលបាក់ដីនេះបានធ្វើឱ្យមនុស្ស ១០ នាក់រងរបួស ខណៈដែលមនុស្សពី១៥ទៅ២០នាក់កំពុងបាត់ខ្លួន។ប្រតិបត្តិការជួយសង្គ្រោះត្រូវបានផ្អាកដោយសារតែការព្រួយបារម្ភពីការបាក់ដីបន្ថែមទៀត ដោយសារតែភ្លៀងនៅតែបន្តធ្លាក់ រហូតដល់ព្រឹកថ្ងៃពុធ។ការរអិលបាក់ដីគឺជារឿងធម្មតានៅក្នុងប្រទេសកូឡុំប៊ីដែលជាតំបន់ភ្នំជាពិសេសក្នុងរដូវវស្សានិងនៅតំបន់ដែលមានលំនៅឋាននិងផ្លូវតូចចង្អៀតត្រូវបានសាងសង់នៅលើភ្នំAndeanដែលគេបានឈូសឆាយព្រៃឈើដើម្បីសាងសង់៕