បាងកក៖ប៉ូលិសថៃបានកោះហៅនាយកមន្ទីរពេទ្យឯកជនបាងកកជុំវិញការជាប់ពាក់ព័ន្ធនឹងករណីចោទប្រកាន់ ពីការរត់ពន្ធថ្នាំលេប សម្រាប់ព្យាបាលជំងឺកូវីដ-១៩។សារព័ត៌មាន The Nation Thailand បានចេញផ្សាយថា ប៉ូលិសបានប្រកាសកាលពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១ថាប្រធានមន្ទីរពេទ្យឯកជនបាងកកត្រូវបានប៉ូលិសចេញដីកាកោះហៅឱ្យចូលខ្លួននៅថ្ងៃទី៤ខែវិច្ឆិកាដើម្បីសាកសួរអំពីការចោទប្រកាន់ពីបទរត់ពន្ធថ្នាំលេបសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ឈ្មោះ «Favipiravir» និងការដាក់លក់ថ្នាំគ្រាប់នេះ នៅតាមបណ្ដាញអ៊ីនធើរណិត។
រុមការងារជំនាញមកពីនាយកដ្ឋានប៉ូលិសការពារអ្នកប្រើប្រាស់(ហៅកាត់CPPD)និងតំណាងក្រសួងសុខភាពសាធារណៈថៃបានប្រាប់ដល់សារព័ត៌មានកាលពីព្រឹកថ្ងៃចន្ទទី១ខែវិច្ឆិកាថាស្ថាប័នជំនាញបានទទួលព័ត៌មានជំនួយពីអ្នកគ្រប់គ្រងក្នុងមន្ទីរពេទ្យនៅខណ្ឌBangKapiរាជធានីបាងកក។ជាមួយនឹងដីកានេះមន្រ្ដីជំនាញបានឆែកឆេរមន្ទីរពេទ្យឯកជននោះ ហើយរកឃើញវិក្កយបត្របញ្ជាទិញថ្នាំគ្រាប់ Favipiravir តាមរយៈមន្ទីរពេទ្យ ដោយមិនមានកំណត់ត្រា អំពីចំនួនអ្នកជំងឺកូវីដ-១៩។
នាយកដ្ឋានប៉ូលិសការពារអ្នកប្រើប្រាស់(ហៅកាត់CPPD)បានបញ្ជាក់ថាករណីនេះជាផ្នែកមួយនៃការស៊ើបអង្កេតបន្ថែមក្រោយពេលប៉ូលិសបានចាប់ខ្លួនជនសង័្សយជាក់ស្ដែងចំនួន៩នាក់ពាក់ព័ន្ធនឹងការលក់ថ្នាំលេបFavipiravir នៅតាមបណ្ដាញសង្គម ចំនួន៥លើក។ ក្រៅពីការឃាត់ខ្លួននោះ ប៉ូលិសក៏បានរឹបអូសថ្នាំ Favipiravir ចំនួន៣៩០ប្រអប់ផងដែរ។ ការឃាត់ជនសង័្សយទាំងនោះ បាននាំឲ្យមានការតាមដាន រហូតទៅកាន់មន្ទីរពេទ្យ ដើម្បីសាកសួរអំពីករណីនេះ។
នាយកដ្ឋានប៉ូលិសការពារអ្នកប្រើប្រាស់ (ហៅកាត់ CPPD) បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយជំរុញឲ្យពលរដ្ឋ ត្រូវទិញតែផលិតផលពាក់ព័ន្ធនឹងកូវីដ ពីឳសថស្ថាន ដែលមានការទទួលស្គាល់ ពីក្រសួងសុខាភិបាលព្រោះការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវអាចនាំឱ្យឆ្លងមេរោគធន់នឹងថ្នាំជាហេតុនាំឲ្យគ្រោះថ្នាក់។ ជាមួយគ្នា ប៉ូលិសថៃ ក៏បានលើកទឹកចិត្តដល់ប្រជាជន ចំពោះការរាយការណ៍ អំពីការរត់ពន្ធថ្នាំព្យាបាលកូវីដ តាមរយៈលេខទូរស័ព្ទរបស់នាយកដ្ឋានប៉ូលិសការពារអ្នកប្រើប្រាស់ (CPPD) Hotline 1135 ឬតាមរយៈទំព័រហ្វេសប៊ុករបស់ CPPD ផ្ទាល់តែម្ដង៕