តាកែវ:ថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២១វេលាម៉ោង០១និង០០នាទីមានករណីអំពើលួចមានស្ថានទម្ងន់ទោសមួយករណីកើតឡើងនៅតាមបណ្តោយដងផ្លូវជាតិលេខ២ ស្ថិតនៅចំណុចភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យ០១ក្រុម មានគ្នា០៤នាក់ បានធ្វើសកម្មភាពប្រដាប់ដោយដាវ និងដំបងរលាស់(ដែក) ជិះម៉ូតូ០២គ្រឿង ដេញកាប់ប្លន់ម៉ូតូ០១គ្រឿងម៉ាកហុងដា C125 សេរី២០១៤ ឡើងតែម២០២១ របស់ជនរងគ្រោះឈ្មោះ ង៉ែត សារ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិរមេញ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តាកែវ ខណ:ពេលជនរងគ្រោះកំពុងជិះម៉ូតូឆ្លងកាត់ចំណុចកើតហេតុខាងលើ។ ក្រោយធ្វើកម្មភាពបានសម្រេច ជនសង្ស័យបានជិះម៉ូតូជនរងគ្រោះរត់គេចខ្លួនបាត់ តែមិនបណ្តាលឱ្យមានរងរបួសដល់ជនរងគ្រោះនោះទេ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវក្រោមការដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់របស់លោកសុខសំណាងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវនិងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវដើម្បីវែកមុខរកជនបង្កឱ្យឃើញយកមកផ្តន្ទាទោសឱ្យខានតែបាន ដោយប្រើប្រាស់គ្រប់វិធានការ និងសម្ភារ: ពួនស្ទាក់គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញកំណត់មុខសញ្ញារហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន ០៣នាក់ នៅចំណុចផ្ទះសំណាក់យីហោ (មាន មាន) ស្ថិតក្នុងភូមិរុន ឃុំចំបក់ ស្រុកបាទី រួមមាន ទី១ឈ្មោះ សិលា រ៉ាវុធ ហៅវិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ទី២ឈ្មោះ ផន បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី និងទី៣ឈ្មោះ ឆាន ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរវៀង ឃុំរវៀង ស្រុកសំរោង ចំណែកជនសង្ស័យ០១នាក់ទៀមានឈ្មោះ សេង សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី (បានជិះម៉ូតូជនរងគ្រោះរត់គេចខ្លួនបាត់)។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០៣បានសារភាពថាពួកគេពិតជាបានធ្វើកម្មភាពដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅចំណុចខាងលើប្រាកដមែន ព្រមទាំងដកហូតបានវត្ថុតាងរួមមានម៉ូតូ ជិះធ្វើសកម្មភាពចំនួន ០២គ្រឿង ដាវចំនួន ០២ដើម និងដំបងរលាស់(ដែក) ០១ដើម។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវដែលកំពុងរត់គេចខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕