ខេត្តស្ទឹងត្រែង ៖ សត្វផ្សោតទន្លេមេគង្គ ដែលរស់នៅអន្លង់ឈើទាល ស្ថិតជាប់នឹងព្រំប្រទល់រវាងកម្ពុជា និងប្រទេសឡាវ កំពុងឈានទៅបាត់បង់ទាំងស្រុង។ តាមការសិក្សាអង្កេត បង្ហាញថា ចំនួនសត្វផ្សោតនៅអន្លង់ឈើទាល បានថយចុះជាបន្តបន្ទាប់មកត្រឹម៣ ក្បាលក្នុងឆ្នាំ២០១៨ និង១ក្បាល ក្នុងឆ្នាំ២០២១។
លោកស្រីបណ្ឌិត Uzma Khan អ្នកសម្របសម្រួលកម្ម វិធីអភិរក្សសត្វផ្សោតទន្លេ និងប្រព័ន្ធទន្លេប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF មានប្រសាសន៍ថា «យើងកំពុងតែមើលឃើញការបាត់បង់ដ៏គួរឱ្យសោក សង្រេងនូវសត្វផ្សោតនៅអន្លង់ឈើទាល ដែលជាសត្វនិមិត្តរូបដ៏សំខាន់មួយប្រភេទនេះ។ វាពិតជាការសោកស្តាយមួយដ៏ខ្លាំងពន់ពេក»។ ផ្អែកតាមការពិនិត្យជាក់ស្តែង អន្លង់ឈើទាល រងនូវហានិ ភ័យខ្ពស់ ដែលធ្វើឱ្យសត្វផ្សោតរស់ក្នុងអន្លង់នោះបានស្លាប់ជាបន្តបន្ទាប់ ដោយសារការប្រែប្រួលរបបទឹកផ្នែកខាង លើនៃទន្លេមេគង្គ និងកិច្ច សហការក្នុងការទប់ស្កាត់ការនេសាទដោយប្រើឧបករណ៍ហាមឃាត់ក្នុងតំបន់ព្រំដែននៃប្រទេសកម្ពុជា និងឡាវ។ ម៉្យាងទៀត សត្វផ្សោតមួយ ចំនួននៅអន្លង់ឈើទាលនេះ ក៏បានស្លាប់ បណ្តាលមកពីអាយុកាលផងដែរ។
លោកបណ្ឌិត Randall Reeves ប្រធានក្រុមអ្នក ជំនាញវិទ្យាសាស្រ្តផ្នែកពពួកថនិកសត្វទឹកអង្គការសហ ភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ ហៅកាត់ IUCN មានប្រសាសន៍ថា សត្វផ្សោតនៅអន្លង់នៃព្រំប្រទេសកម្ពុជា- ឡាវ ឈានទៅបាត់បង់ដោយ សារវានៅសេសសល់ចំនួនតិចតួចណាស់ ហើយត្រូវបានអ្នកវិទ្យាសាស្រ្តដឹងថា វាបានរស់នៅដាច់ឆ្ងាយពីហ្វូងធំៗដទៃទៀត ដែលកំពុងរស់នៅក្នុងអន្លង់នៃខ្សែទឹកខាងក្រោមទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។
ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មាន ប្រសាសន៍ថា ការថយចុះចំនួនសត្វផ្សោតនៅអន្លង់ឈើទាល ដែលនឹងឈានទៅ បាត់បង់នាពេលខាងមុខ គឺជាសញ្ញាប្រកាសអាសន្នមួយដល់អនាគតនៃថនិកសត្វដ៏សំខាន់ប្រភេទនេះ។ឯកឧត្ដម បានស្នើដល់ប្រទេសនៅផ្នែកខាងលើនៃដងទន្លេមេគង្គគួរធ្វើការសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ធន ធានធម្មជាតិ និងសង្គមឱ្យបានពេញលេញ មុននឹងធ្វើ ការសម្រេចចិត្តជាចុងក្រោយរាល់ការអភិវឌ្ឍទំនប់វារីអគ្គិសនី ។ នៅកម្ពុជា សត្វផ្សោតមេគង្គកំពុងរស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គ ចាប់ពីទី រួមខេត្តក្រចេះ រហូតដល់ព្រំ ប្រទល់នៃប្រទេសឡាវ ត្រង់ប៉ែកខាងក្រោមនៃល្បាក់ខោន ដែលមានចម្ងាយ១៨០គីឡូម៉ែត្រ។ លទ្ធផលជំរឿនសត្វផ្សោតក្នុងឆ្នាំ២០២០ បានប៉ាន់ប្រមាណថា មានចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលចំនួនកូនផ្សោតដែលបានកត់ត្រាថ្មីៗ៕