ភ្នំពេញ៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើស បង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជាង២៥គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។សមត្ថកិច្ច បានឲ្យដឹងថា គោលដៅទី១ ធ្វើឡើង នៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៥៩ (ចន្លោះគីឡូម៉ែត្រលេខ៩-១០) ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គោលដៅទី២ ធ្វើឡើង នៅវេលាម៉ោង១៤:៣៥នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅចំណុច ផ្ទះគ្មានលេខ បុរីអចលនទ្រព្យអង្គរ ភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងគោលដៅទី៣ ធ្វើឡើង នៅចំណុចលំនៅដ្ឋានរបស់ឈ្មោះ លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពបន្តថា ជនសង្ស័យ ទី១ -ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ (គ្មានលិខិតឆ្លងដែន)។ ទី២-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ និងទី៣-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ (ប្រពន្ធ លាង ម៉ាប់)។ ដកហូតសារធាតុញៀនសរុប ២៥គ.ក្រ ១០២,៤៣ក្រាម ( មេតំហ្វេតាមីន(ICE) ២៥កញ្ចប់ធំ-២កញ្ចប់តូច ស្មើទម្ងន់ ២៥ គ.ក្រ ០៣១.៧៨ក្រាម ។ មេតំហ្វតាមីន(WY) ចំនួន ៧៨៥គ្រាប់ ស្មើទម្ងន់ ៧០.៦៥ក្រាម) , ជញ្ជីថ្លឹង ១គ្រឿង , រថយន្ត ១គ្រឿង , ទូរស័ព្ទដៃ ចំនួន៦គ្រឿង និងឯកសារមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី ៕