ភ្នំពេញ ៖ អីក៏ចិត្តខ្មៅម្ល៉េះ !!! ទារិកឡើងគួរឲ្យស្រឡាញ់ ម្នាក់ ត្រូវបានគេយកមកប្លុងចោល កណ្តាលផ្សារ ហើយបើមើលក្នុងសំបុត្រកំណើត ដែលដាក់ជាប់ខ្លួននោះ ទារិកានេះ ទើបកើតបានមួយថ្ងៃសោះ ទម្ងន់គឺ ៣គីឡូកន្លះ មិនគួរណាចិត្តខ្មៅ ព្រោះសូម្បីតែសត្វក៏ស្រឡាញ់កូនរបស់វាដែរ សំណាងណាស់ ត្រូវបានប្អូនស្រីអ្នកលក់ទូរសព្ទម្នាក់សុំយកចិញ្ចឹមភ្លាមៗ ហើយអ្នកនៅទីនោះក៏តាមមកសុំ បន្ត តែប្អូនស្រីមិនឲ្យ សុខចិត្តចិញ្ចឹម ទោះគាត់មិនទាន់មានគ្រួសារក៏ដោយ ។រឿងរ៉ាវនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ ល្ងាច យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្សារចោមចៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាម ប្រភពពីបងប្អូនប្រជាពលរដ្ឋ អ្នកនៅផ្សារចោមចៅ បានឲ្យដឹងថា គេបានឃើញនារីម្នាក់ បានពរកូនយកមកផ្ញើនឹងអ្នករត់ម៉ូតូកង់បី ដោយខ្លួនប្រាប់ថារវល់មួយភ្លែត នឹងសុំអោយគេជួយមើលកូនខ្លួនផង ឃើញបែបនេះអ្នករត់ម៉ូតូកង់បីក៏ ថាមិនអីទេ គាត់មើលអោយ ហើយនារីម្នាក់នោះក៏ទៅបាត់យ៉ាងយូរ មិនឃើញមកវិញ សោះក៏គាត់ឆ្ងល់ថាហេតុអ្វីបាន ស្ត្រីនោះមិនមកយកកូនវិញចឹង ហេតុអ្វី បែរជាទុកកូនចោលបែបនេះ តែជាហេតុធ្វើឲ្យពលរដ្ឋមានការអាណិត ចំពោះទារិកាតូចនេះ។
ក្នុងនោះ នារី ដែលជាអ្នកលក់ទូរសព្ទ ឮថាមានគេចោលក្មេង ក៏ទៅមើលនឹងគេឯង ក៏ឃើញក្មេងស្រីគួរឱ្យអាណិត និងគួរឱ្យស្រឡាញ់ ក៏សុំគេ បើគ្មានអ្នកណាទទួលខ្លួននឹងយកមកចិញ្ចឹមតែម្តង ។ ភ្លាមៗនោះគេក៏ថាបើសិនជាប្អូនចង់យក ឲ្យយកទៅ ឃើញបែបនេះ គាត់ក៏បានពរទារិកានេះ ជាប់ដៃតែម្តង ដោយក្តីសប្បាយចិត្តនិងរីករាយ និងដាក់ឈ្មោះនាងតិចច្រម៉ក់នេះថា ស្រីមាស ទៀតផង។
ភ្លាមៗ ក៏មានសមត្ថកិច្ចក៏បានចុះមកធ្វើការសាកសួរនារីខាងលើផងដែរ និងបានណែនាំថា បើសិនជាគាត់ ចង់ចិញ្ចឹមត្រូវមកសុំខាងសង្កាត់ ដើម្បីរៀបចំឯកសារនិងអាជ្ញាធរពាក់ព័ន្ធឲ្យបានដឹងឮ នារីខាងលើក៏យល់ព្រម ថាស្អែកចាំទៅ ហើយថ្ងៃនេះ គាត់យកទៅទុកប្អូនមើលថែសិន ចាំស្អែក ចាំទៅសង្កាត់ ដើម្បីស្នើពាក្យសុំសិទ្ធិចិញ្ចឹមកូនស្រីម្នាក់នេះ ៕