ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ ក្រោយពេលដែលពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីកម្មកររោងចក្រម្នាក់ បានសម្រេច។ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង កែងនឹងផ្លូវឌួងងៀប សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះខាងលើ បានជិះម៉ូតូចេញទៅធ្វើការនៅឯរោងចក្រ ក្បែរម្តុំសេះស ខណៈជិះម៉ូតូដល់ពាក់កណ្តាលផ្លូវ ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកនិចមួយគ្រឿង បានមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីជនរងគ្រោះបានសម្រេច តែចៃដន្យជនសង្ស័យម្នាក់ បានធ្លាក់ពីលើម៉ូតូត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ និងស្វាគមន៍ម្នាក់មួយដៃ ទើបប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ដឹកយកទៅសាកសួរ និងចាត់ការបន្តចំណែកជនសង្ស័យម្នាក់ទៀត បានជិះម៉ូតូយកទូរស័ព្ទមួយគ្រឿង ពីជនរងគ្រោះគេចខ្លួនបាត់ស្រមោលតែម្តង។
ករណីឆក់ទូរស័ព្ទម៉ាក Sumsong ពីជនរងគ្រោះឈ្មោះ ជុំ វ៉ាន់ ភេទស្រី អាយុ ៣១ឆ្នាំ ជិះម៉ូតូម៉ាក Honda scoopy ពណ៌ស ឆ្នាំ២០១៥ ផ្លាកលេខ ភ្នំពេញ 1CQ 3083 ស្នាក់នៅភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ សុខ សាវីន ភេទប្រុស ១៧ឆ្នាំ ស្នាក់នៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក suzuki nex ពណ៌សក្រហម។ ជនសង្ស័យត្រូវប្រគល់ជូន សមត្ថកិច្ចនៅខណ្ឌសែនសុន ពីព្រោះជនសង្ស័យឆក់ទូរស័ព្ទពីខណ្ឌសែនសុខ មិនឃុំខ្លួននៅខណ្ឌមានជ័យនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះ បានជិះម៉ូតូដេញតាមជនសង្ស័យ ហើយបុ.កមូតូជនសង្ស័យបណ្តាលឲ្យដួល នៅផ្លូវឌួងងៀបកែងនឹងផ្លូវវេងស្រេង ទើបចាប់ខ្លួនជនសង្ស័យបាន។បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាត់តុលាការ ចាត់ការតាមនីតិវិធី៕