ភ្នំពេញ ៖ តារាសម្តែង និងកំប្លែងជើងចាស់តាំងពីទស្សវត្សន៍ឆ្នាំ៩០ លោក ស៊ូ សាវាង ហៅលោកតា ហ្វុយ ហ្ស៊ូ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការព្យាបាលជំងឺចាស់របស់លោកដែលបានរើឡើង។ បច្ចុប្បន្នលោកកំពុងសំរាកនៅក្នុង ICU មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដោយមានជំងឺរលាកសួតរ៉ាំរ៉ៃ និងមានទឹកដក់ក្នុងសួត ហើយនឹងរលាកតំរង់នោមផងដែរ។លោក ឡុង វណ្ណៈ ដែលកូនប្រុសរបស់លោកបានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចកាលពីម្សិលមិញថា ឪពុករបស់លោក (លោកតា ហ្វុយ ហ្ស៊ូ) បានធ្លាក់ខ្លួនឈឺរយៈពេល៩ថ្ងៃមកហើយ ហើយបានចូលមកសំរាកព្យាបាលនៅបន្ទប់ ICU នេះ បាន៤យប់៥ថ្ងៃហើយដែរ។
លោកបញ្ជាក់ថា រហូតមកទល់ពេលនេះ អាការៈរបស់ឪពុកលោកនៅមិនទាន់បានធូរស្រាលនៅឡើយទេ ដោយសារជំងឺគាត់អាចប្រែប្រួលគ្រប់ពេលវេលា និងត្រូវសំរាកពេទ្យយូរថ្ងៃ ពោលគឺប្រមាណ១៤ថ្ងៃឡើង។លោកថា ប៉ុន្មានថ្ងៃមកនេះ គាត់ធ្វើទុក្ខខ្លាំង តែប៉ុន្មានថ្ងៃចុងក្រោយនេះ គាត់អត់ធ្វើទុក្ខទេ ដោយសារពេទ្យទើបប្តូរថ្នាំថ្មីអោយ។ លោកបន្ថែមថា រាល់ដង គឺគាត់ធ្វើទុក្ខពេលព្រលប់ និងពេលព្រលឹម ហើយពេលធ្វើទុក្ខ គឺក្តៅខ្លួន ក្អក ហត់ និងបេះដូងដើរញាប់។
លោកបញ្ជាក់ថា ឪពុករបស់លោកហូបអ្វីមិនសូវបានឡើយ ខណៈដៃជើងហើម ដោយសារប្រើសារ៉ូមច្រើនលើសជាតិទឹកក្នុងខ្លួន។ យ៉ាងណា បើតាមលោក ឡុង វណ្ណៈ បន្តថា ជំងឺរបស់ឪពុកលោកនាពេលនេះ គឺមានយូរហើយ ហើយក៏ធ្លាប់ព្យាបាលជារួចហើយដែរ គឺជំងឺរបេងកាលពីជិត២០ឆ្នាំមុន។
ឈ្មោះ ស៊ូ សាវ៉ាង ហៅលោកតា ហ្វុយ ហ្ស៊ូ បច្ចុប្បន្នមានវ័យ៧៩ឆ្នាំ និងមានកូន៨នាក់ (ប្រុស៧ ស្រី១) ក្នុងនោះមានគ្រួសារ៧នាក់ នៅតែកូនទី៨ គឺលោក ឡុង វណ្ណៈ នេះ មិនទាន់មានគ្រួសារ ហើយក៏ជាអ្នកស្នងដឹកនាំក្រុមសម្តែងសិល្បៈរបាំជំនួសឪពុករបស់លោកផងដែរ។ ក្រៅពីការងារសិល្បៈលោកតា ហ្វុយ ហ្ស៊ូ ក៏ជាអតីតមន្ត្រីរាជការនៅនាយកដ្ឋានផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ តែបច្ចុប្បន្នបានចូលនិវត្តន៍ហើយ។
ក្នុងនាមក្រុមគ្រួសារម្នាក់របស់លោកតា ហ្វុយ ហ្ស៊ូ លោក ឡុង វណ្ណៈ សុំការសណ្តោសប្រពៃពីថ្នាក់ដឹកនាំ និងសប្បុរសជននានា មេត្តាជួយឧបត្ថម្ភសម្រាប់ការព្យាបាលឪពុករបស់លោកនាដង្ហើមចុងក្រោយនេះផង។ លោកបញ្ជាក់ថា ការសម្រាកព្យាបាលក្នុងបន្ទប់ ICU នៃមន្ទីរពេទ្យនេះ គឺមានតម្លៃថ្លៃលើសពីសមត្ថភាពគ្រួសាររបស់លោក ខណៈពេលការសម្រាកព្យាបាលប៉ុន្មានថ្ងៃមកនេះ ក្រុមគ្រួសារលោកបានចំណាយថវិកាអស់ប្រមាណ១ម៉ឺន៥ពាន់ហើយ៕