ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្មេងទំនើងចំនួន៤នាក់បានជិះម៉ូតូបង្ហោះនៅតាមដងផ្លូវ ហើយក៏ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ឃាត់ខ្លួនបានភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនទាំង៤នាក់ខាងលើនេះ បានជិះជិះម៉ូតូ២គ្រឿង ដោយម៉ូតូ១គ្រឿងម៉ាក ហុងដាបីត ពណ៌ស ពាក់ស្លាកលេខ 1HN-0790 និងម៉ូតូមួយគ្រឿងទៀតម៉ាក ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ កែប1B-8238។តាមប្រភពព័ត៌មានពីនគរបាលខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចុះល្បាតនៅក្នុងមូលដ្ឋាន លុះរហូតដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែឃើញយុវជនចំនួន៤នាក់ជិះម៉ូតូចំនួន២គ្រឿង បានបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ ទើបកម្លាំងនគរបាលប៉ុស្តិ៍ ឃាត់ខ្លួនយុវជនទាំង៤នាក់នេះបានភ្លាមៗ រួចយកទៅសួរនាំតែម្តង ។
ប្រភពដដែលបន្តថា បន្ទាប់មកកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ព្រមរទាំងកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ នាំយកយុវជនទាំង៤នាក់ទៅប៉ុស្តិ៍នគរបាលសង្កាត់កាកាប២ ដើម្បីសួរនាំ តែយុវជនទាំង៤នាក់នោះមិនព្រមសារភាពថា ខ្លួនពិតជាបានបង្ហោះម៉ូតូនោះទេ។ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ ក៏បានបញ្ជូនយុវជនទាំង៤នាក់ រួមទាំងម៉ូតូចំនួន២គ្រឿង ទៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕