ខេត្តកណ្ដាល ៖ នារីជាជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ព្រែកហូរឃាត់ខ្លួនខណៈនាំគ្នាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១៖១៥នាទីនៅចំណុចភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល។ជនសង្ស័យទាំង២នាក់ខាងលើមាន ៖
១-ឈ្មោះ សំអឿន វណ្ណី ហៅចាន់ធី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរជាងអ៊ុតសក់។
២-ឈ្មោះ សុខ-ស្រីនីត ភេទស្រីអាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់តូច-ខ្សៀសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១-ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍បានចុះទៅល្បាតនៅក្នុងភូមិសាស្រ្តភូមិព្រែកហូរលិច ក៏ប្រទះឃើញជនសង្ស័យកំពុងតែប្រើប្រាស់នូវសារធាតុញៀននៅចំណុចកើតហេតុខាងលើ ក៏ឃាត់នាំជនសង្ស័យទាំង២នាក់យកមកប៉ុស្តិ៍ដើម្បីសួរនាំ។នៅចំពោះមុខសមត្ថកិច្ចនារីសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់នូវសារធាតុញៀនប្រាកដមែន។បច្ចុប្បន្ននារីសង្ស័យត្រូវបានបញ្ជូនមកផ្នែ្នកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕