ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី២ សហការជាមួយនឹងកម្លាំងប្រជាការពារ បានឡោមព័ទ្ធស្ទាក់ចាប់បានភ្លាមៗ ក្រោយពេលធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះព្រោះ។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះទី១ រិន ចាន់ថន ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។
ចំណែកជនសង្ស័យទី២មានឈ្មោះ អោមសារវី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិបឹងទំពន់១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។លោកវរសេនីយ៍ត្រី ណេង សាមឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២ នាក់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ សហការជាមួយនឹងកម្លាំងប្រជាការពារភូមិ បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៦និង០០ នាទីព្រឹកថ្ងៃទី២៧ ស្ថិតនៅភូមិដំណាក់ធំទី៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ក្រោយពេលជនសង្ស័យទាំង២ នាក់ខាងលើនេះ បានធ្វើសកម្មភាពឆក់កាបូប ពីក្នុងកន្ត្រកម៉ូតូរបស់ជនរងគ្រោះ នៅចំណុចចំណតឡានក្រុង ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយពួកគេបានព្យាយាមជិះម៉ូតូរត់គេចខ្លួន ចូលក្នុងភូមិសាស្ត្រ សង្កាត់ស្ទឹងមានជ័យទី២ ខណៈពេលដែលកម្លាំងសមត្ថកិច្ច និងប្រជាការពារកំពុងតែល្បាត ក្នុងមូលដ្ឋានក៏បានឃាត់ខ្លួន បានជនសង្ស័យទាំងពីរនាក់នេះ យកមកធ្វើការសាកសួរ។
តាមចម្លើយសារភាព របស់ជនសង្ស័យទាំងពីរនាក់ខាងលើ បានប្រាប់ឲ្យដឹងថា ពួកគេពិតជាបានធ្វើសកម្មភាព ឆក់កាបូបពីជនរងគ្រោះ នៅចំណុចក្បែរចំណតឡាន ពិតប្រាកដមែន។បន្ទាប់ពីសមត្ថកិច្ចទទួលបានចម្លើយសារភាព របស់ជនសង្ស័យទាំងពីរនាក់ខាងលើរួចមក សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានប្រគល់ជនសង្ស័យទាំងពីរនាក់ខាងលើនេះ ឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹក ចាត់ការបន្ត។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលខណ្ឌបឹងកេងកង និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕