ភ្នំពេញ: បុរសជានាក់រើសអេតចាយម្នាក់ ត្រូវបានជនដៃដល់បាញ់ចំក្រោមក្លៀកមួយគ្រាប់ បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីចូលទៅរើសដែកនៅមុខផ្ទះជនដៃដល់ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចាក់ជ្រូក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។សពមានឈ្មោះ ខឿន វ៉ាន់ឌឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរើសអេតចាយ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយម្តាយម្តុំផ្សាព្រៃទា មានស្រុកកំណើត នៅភូមិស្ទឹងរាំង ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
យោងតាមប្រភពព័ត៌មានពីបុរស់ម្នាក់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដោយរូបគាត់បានជិះរថយន្តម៉ាក lexus មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-2286 បានឈប់រថយន្តចុះទិញបារីជក់ រួចក៏ឃើញបុរស២នាក់ បានដើររើសអេតចាយ នៅជិតនិងកន្លែងកើតហេតុខាងលើ បន្ទាប់មកស្រាប់តែឮស្នូរផ្ទុះអាវុធពុំទាន់ដឹងថា ប៉ុន្មានគ្រាប់នោះទេ តែត្រូវជនរងគ្រោះ មួយគ្រាប់ក្រោមក្លៀក បណ្តាលឲ្យជនរងគ្រោះដេកដួលនៅនិងដី ខណ:ពេលរូបគាត់ឃើញដូចនេះ បានរត់ទៅលើកជនរងគ្រោះ ដាក់ទៅលើរថយន្តរបស់ខ្លួន ដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ តែដោយសភាពជនរងគ្រោះធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់តាមផ្លូវតែម្តងទៅ ។
ប្រភពបន្តពីបុរសខាងលើ បានឲ្យដឹងទៀតថា ដោយជនរងគ្រោះដាច់ខ្យល់ស្លាប់ រូបគាត់ក៏បានដឹកសពយកទៅបន្ទប់ ជួលជនរងគ្រោះវិញ រួចប្រាប់ម្តាយនិងគ្រួសារ ឲ្យបានដឹងបន្ទាប់មកម្តាយជនរងគ្រោះ សុំឲ្យជួយដឹកសពកូនរបស់គាត់ មកតម្កល់ទុកនៅវត្តវិហារឃួន រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកភ្លាមៗ ។ក្រោយពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏ឃាត់ម្ចាស់រថយន្ត lexus ខាងលើយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយបំភ្លឺរឿងហេតុផ្ទុះអាវុធខាងលើ និងធ្វើការស្រាវជ្រាវរកជនដៃដល់ យកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕