ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ព្រុសសង្ស័យឆ្លងប្រព័ន្ធអាប៊ីអេស ជាន់ហ្វ្រាំងមិនស៊ី ក៏រេចង្កូតឡើងចិញ្ចើមផ្លូវ ទៅបុកសសរសំយ៉ាបផ្ទះប្រជាពលរដ្ឋ បាក់អស់២ដើមធ្លាក់សំយ៉ាប រួចរថយន្តបន្តបុកទម្លុះជញ្ជាំងផ្ទះលក់ចាប់ហ៊ួយ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ចំណែរថយន្តខូចខាតមួយកំណាត់ខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង ៦នឹង៣០នាទីព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបរមានឈ្មោះ មាស សុខសាន្ត ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1802 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៧១ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុ ក៏សង្ស័យឆ្លងប្រព័ន្ធអាប៊ីអេស បណ្ដាលឲ្យជាន់ហ្វ្រាំងមិនស៊ី រេចង្កូតទៅទៅស្ដាំដៃឡើងចិញ្ចើមផ្លូវជ្រុលបុកសសរបេតុងសំយ៉ាបផ្ទះបាក់២ដើម រួចបន្តបុកទម្លុះជញ្ជាំងផ្ទះលក់ចាប់ហ៊ួយ បណ្ដាលឲ្យបុរសម្នាក់កំពុងឈរបើកទ្វាដើម្បីលក់ដូររងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែករថយន្តខូចខាតមួយកំណាត់មុខស្ទើរទាំង រីឯអ្នកបើកបរ បន្ទាប់ពីបើកបង្កហេតុរួចបើកវាចុះរត់គេចខ្លួនតែត្រូវបងប្អូនប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះត្រួតពិនិត្យទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត ៕