កំពង់ស្ពឺ ៖ ជនសង្ស័យដែលបង្កើត គណនីហ្វេសប៊ុកក្លែងក្លាយជាច្រើន ប្រេីប្រាស់គណនី account face ដើម្បីធ្វើសកម្មភាពបោកប្រាស់នារីៗ និងស្រ្ដីមួយចំនួនដែលនិយមស្នេហាតាម online ត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងបង្រ្កាប។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យម្នាក់មានឈ្មោះពិត មាស ចាន់ប៊ុណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ មានជំនាញបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ account face ជាច្រើន ដេីម្បីធ្វើសកម្មភាពបោកប្រាស់នារីៗ និងស្រ្ដីមួយចំនួនឱ្យលង់ជឿជាក់ ព្រមធ្វេីតាមលក្ខខណ្ឌមួយចំនួន ចុងក្រោយក្លាយជាចំណាប់ខ្មាំងរបស់ជនសង្ស័យនេះ។
ករណីនេះដោយបានកិច្ចសហការពីជនរងគ្រោះជាច្រើន និងបានការដឹកនាំចង្អុលការណ៍ណែនាំដ៏ខ្ពង់ខ្ពាស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពី អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ចផែនការងារសន្តិសុខ ខេត្តកំពង់ស្ពឺ បានបន្ដស្រាវជ្រាវនិងសហការជាមួយនគរបាលខេត្ដបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យបាននៅគោលដៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ រួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការតាមនីតិវិធី។
នៅចំពោះមុខ ជនសង្ស័យបានឆ្លើយទទួលស្គាលថា សកម្មភាពបោកប្រាស់នារី និងស្រ្ដីមួយចំនួនតាមរយៈប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម facebook account face គឺពិតជាបានធ្វេីសកម្មភាពដោយផ្ទាល់ និងចេះជំនាញយ៉ាងពិតប្រាកដ បច្ចុប្បន្នខ្លួនបានបង្កេីត account face ចំនួន ១៥ ដេីម្បីធ្វើសកម្មភាពបោកប្រាស់នារី និងស្រ្ដីមួយចំនួន ឲ្យលង់ជឿជាក់ថាខ្លួនជាប្រុសស្អាត និងជាអ្នកមានចិត្ដស្មោះ។បច្ចុប្បន្នជនសង្ស័យត្រូវបានចៅក្រមសម្រេចចេញដីកាបង្គាប់ ឱ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺ រង់ចាំការជំនុំជំម្រះទោសនៅពេលបន្ទាប់។ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សំណូមពរ ស្នេីសុំបងប្អូនពលរដ្ឋខ្មែរ ពិសេសនារីក្មេងៗ និងស្រ្ដីមួយចំនួន គួរតែពិចារណាឱ្យបានច្បាស់នៅពេលដែលខ្លួនបានបង្កេីតទំនាក់ទនង ជា friends ជាមួយនរណាម្នាក់តាម បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ណាមួយ ? ពិសេសកុំចាញ់បោកលេី profile រូប ប្រុសស្អាត - ស្រី ស្អាត៕