ភ្នំពេញ: នៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីគួរឲ្យសង្វេគមួយកើតឡើង អ៊ំស្រីម្នាក់គាត់គ្មាន លទ្ធភាពក្នុងការចិញ្ចឹមចៅប្រុសអាយុ០៤ខែម្នាក់ ព្រោះឪពុកម្តាយក្មេងនេះ បានប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត បណ្តាល ឲ្យឆ្កួតវង្វេងបាត់បង់សតិស្មារតីទាំងពីរនាក់ គាត់បានឱបចៅមកអំពាវនាវរកសប្បុរស ជួយទិញទឹកដោះគោបៅបង្កឲ្យមានការភ្ញាក់ ផ្អើល ទីតាំងស្ថិតត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមការសាកសួរជាមួយនឹងអ៊ំស្រីនោះ ដែលត្រូវជា យាយក្មេងប្រុស គាត់បាននិយាយរៀបរាប់ប្រាប់ទាំងទឹកភ្នែកហូរឲ្យដឹងថា ឪពុកម្តាយក្មេងប្រុសទាំងពីរនាក់ប្តីប្រពន្ធនេះ មានជីវភាពក្រី ក្រណាស់ ហើយថែមទាំងមានកូនប្រុសម្នាក់នេះមួយទៀត ដែលទើបនឹងកើតបានរយ:ពេល០៤ខែ ។ ប្តីដើររកត្រីលក់បានលុយមក ទិញគ្រឿងញៀនប្រើប្រាស់ទាំងពីរនាក់ រហូតដល់បាត់បង់នូវសតិស្មារតីលែងដឹងខុសត្រូវ ។ ចំណែកកូនតូចនេះ ដែលត្រូវជាចៅ គាត់បានយកមកចិញ្ចឹមបីបាច់ថែរក្សា រហូតទាល់តែគាត់លែងមានលទ្ធភាព ។
ប្រភពដដែលបានបន្តទៀតថា ដោយគាត់ខ្វះលទ្ធភាពក្នុងការចិញ្ចឹមចៅម្នាក់នេះ គាត់បានដាច់ចិត្តធ្វើដំណើរចេញពីភូមិចុងព្រែកមួយ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយពឹងអ្នកភូមិជាមួយគ្នាគេឌុបតាមម៉ូតូមកកន្លែងកើតហេតុនេះ ដើម្បីអំពាវនាវ រកសប្បុរសជួយទិញទឹកដោះគោឲ្យចៅគាត់បៅ ។ ព្រោះសព្វថ្ងៃនេះ គាត់អស់លទ្ធភាពហើយ ក្នុងការចិញ្ចឹមចៅដើម្បីឲ្យរស់បន្តទៀត ៕