ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំអាជ្ញាធរខណ្ឌទាំង១៤ មន្ត្រីពាក់ព័ន្ធ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីធ្លាសាលាអនុវិទ្យាល័យ និងវិទ្យាល័យ នៅទូទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈបើកសាលាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងការបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាសាលានានានៅទូទាំងរាជធានីភ្នំពេញនេះ លោកអភិបាលរាជធានីភ្នំពេញ បានបែងចែកកម្លាំងទាំងអស់ទៅបាញ់ថ្នាំសម្លាប់មេរោគនៅតាមខណ្ឌទាំង១៤ខណ្ឌ។
សូមបញ្ជាក់ថា ការបើកសាលារៀនឡើងវិញ ធ្វើឡើងទៅតាមអនុសាសន៍របស់សម្ដេច ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋ ឪពុកម្ដាយ អាណាព្យាបាលសិស្ស ចូលរួម និងគាំទ្រយ៉ាងពេញទំហឹង ដោយសារកូនគាត់បានសិក្សារៀនសូត្រនៅតាមសាលាឡើងវិញ ក្រោយពីខកខានរៀនសូត្រប្រមាណ៧ខែមកនេះ ដោយការរាតត្បាតដោយជំងឺកូវីដ-១៩។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ជាថ្ងៃកំណត់ដែលសាលាត្រូវបើកឱ្យដំណើរការរៀនសូត្រឡើងវិញ ចាប់ពីអនុវិទ្យាល័យដល់វិទ្យាល័យ ប៉ុន្តែត្រូវតែអនុវត្តឱ្យខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា៕