បន្ទាយមានជ័យ ៖ នគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ទោ កាន់ សៀង អធិការនគរបាលរង ទទួលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរ បាលក្រុងសិរីសោភ័ណ បានចុះបង្រ្កាបទីតាំងជាងជួសជុលម៉ូតូ១កន្លែង ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ដកហូតកាំភ្លើងខ្លីបាន១ដើម និងថ្នាំញៀន១ចំនួន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ កាន់ សៀង បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានចុះទៅដល់កន្លែងជួសជុលម៉ូតូ១កន្លែង នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១. ឈ្មោះ ឃុំ រតនៈគឹមហុង ភេទប្រុស អាយុ២៣ឆ្នាំ ជាម្ចាស់កន្លែងជួសជុលម៉ូតូ និងជាកន្លែងផ្តល់ឲ្យក្រុមក្មេងជក់ថ្នាំញៀន, ទី២. ឈ្មោះ តែង ទិត្យចាន់រិទ្ឋឹ ភេទប្រុស អាយុ ២៣ឆ្នាំជា អ្នកជក់គ្រឿងញៀន អ្នកទាំង២នាក់ នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
ក្នុងនោះ សមត្ថកិច្ចបានធ្វើការឆែកឆេរកន្លែងជួសជុលម៉ូតូឃើញវត្ថុតាងរួមមាន៖ ១-ម្ស៉ៅក្រាមសថ្លាចំនួន០៤កូនថង់តូច, ២-គម្របដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ០៤, ៣-ដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ០២, ៤-បំពង់ប៊ឺតមួយចំនួន, ៥-ដែកកេះចំនួន០៥, ៦-បំពង់កែវទាម៉ូម៉ែត្រចំនួន០១, ៧-សំបកថង់ថ្មីសម្រាប់ច្រកថ្នាំញៀនមួយចំនួន, ៨-ទូរស័ព្វចំនួន០១គ្រឿង, ៩-កាំភ្លើងខ្លីម៉ាករ៉ូឡូចំនួន០១ ដើមគ្រប់ចំនួន១៨គ្រាប់ (សំបកគ្រាប់ចំនួន០១), ១០-បង់កាំភ្លើងខ្លីK៥៩ចំនួន០១, ១១-គ្រាបកាំភ្លើងខ្លីK៥៩ចំនួន០២គ្រាប់ (សំបកគ្រាប់ចំនួន០១)។
លោកវរសេនីយ៍ទោ កាន់ សៀង បានបញ្ជាក់បន្ថែមថា ឈ្មោះ តែង ទិត្យចាន់រិទ្ឋឹ ត្រូវបានព្រះរាជអាជ្ញា អនុញាតិឲ្យអាណាព្យាបាលយកទៅអប់រំកែប្រែនៅមណ្ឌលសុខភាពសហគមន៍ តាមការស្នើសុំនិងធានា របស់អាណាព្យាបាល។ ចំណែកឈ្មោះ ឃុំ រតនៈគឹមហុង និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕