ភ្នំពេញ ៖ ជនសង្ស័យម្នាក់ទំនងប្រើប្រាស់គ្រឿងញៀនលេីសកម្រិត បានធ្វេីសកម្មភាពយកដែកឆាបចាក់ទៅលើបុរសម្នាក់ខណៈកំពុងឈរហាលខោអាវ បណ្ដាលឲ្យរងរបួសដេរ ១៨ថ្នេរ រួចជនសង្ស័យបានផ្លោះរបងចូលដីឡូត៍មួយកន្លែងគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលពីវេលាម៉ោងប្រមាណជា១២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះ ផ្លូវលំ ភូមិដីថ្មីសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ លឹម ឌាំង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ។ចំណែកជនរងគ្រោះមានឈ្មោះ ច្រឹក ផាត ភេទប្រុស អាយុ ៥២ ឆ្នាំមុខរបរមន្ត្រីយោធា ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពពីបងប្អូនប្រជាពលរដ្ឋនិងបងប្រុសជនសង្ស័យរស់នៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា កន្លងមកជនសង្ស័យខាងលើតែងតែប្រើប្រាស់ថ្នាំញៀន រហូតដល់បាត់បង់ស្មារតីមិនដឹងខុស មិនដឹងត្រូវ តែងតែប្រើប្រាស់ហិង្សា និងបំផ្លាញទ្រព្យសម្បត្តិអ្នករស់នៅក្បែរខាង ជាពិសេសធ្វើបាបនិងប្រើហិង្សាទៅលើបងប្រុសបង្កើតខ្លួនឯងដែលជាជនពិការស្ទើររាល់ថ្ងៃ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាងមានការភ័យខ្លាចគ្រប់គ្នាៗ។
ប្រភពដដែលបានបន្តទៀតថា លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែជនសង្ស័យបានដើរទៅធ្វើសកម្មភាពចាក់លើជនរងគ្រោះខណៈកំពុងឈរហាលខោអាវ បណ្ដាលឱ្យត្រូវមួយដែកឆាបក្រោមឆ្អឹងជំនីខាងស្ដាំរងរបួសធ្ងន់ បន្ទាប់មកជនរងគ្រោះបានទៅមន្ទីរពេទ្យឱ្យលោកគ្រូពេទ្យលាងរបួសនិងដេររហូតដល់១៨ថ្នេរ ។ ចំណែកជនសង្ស័យបានផ្លោះរបងចូលដីឡូត៍មួយកន្លែងគេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការសួរនាំនៅនឹងកន្លែងកើតហេតុ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុក៏ដូចជាបងប្រុសជនសង្ស័យ សំណូមពរទៅអាជ្ញាធរមានសមត្ថកិច្ចឱ្យចាប់ជនសង្ស័យយកទៅដាក់គុក ជៀសវាងថ្ងៃក្រោយមកបង្កហិង្សាដល់អ្នកដ៏ទៃ ៕